ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមAngkor Warriorទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតកីឡាបាល់បោះដណ្តើមពាន រង្វាន់សៀមរាបផ្ទះខ្ញុំ

AKP សៀមរាប ថ្ងៃទី២៣ ខែកក្កដា ឆ្នំា២០១៨ -សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំ យុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព» តាមរយៈការប្រកួតបាល់បោះ ៣ ទល់នឹង ៣ ពានរង្វាន់ សៀមរាបផ្ទះខ្ញុំ ឆ្នាំ២០១៨។

បន្ទាប់ពីបានធ្វើការ​ប្រគួតអស់រយៈពេលពីរថ្ងៃ ការប្រគួតនេះបានរកឃើញក្រុមជើងខ្លាំងផ្នែកកីឡាបាល់បោះ ក្នុងនោះជ័យលាភីលេខ១បានទៅលើក្រុម Angkor Warrior ជ័យលាភីលេខ២ បានទៅលើក្រុម Angkor Youth ជ័យលាភីលេខ៣ បានទៅលើក្រុមTraffic Jack និងជ័យលាភីលេខ៤ បានទៅលើក្រុម Young Force ។

លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា គោលបំណង នៃការ រៀបចំការប្រកួតបាល់បោះ នាពេលនេះ គឺដើម្បីឱ្យប្អូនៗយុវជន មហាជន និងបងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងខេត្តសៀមរាប ងាកមកចាប់អារម្មណ៍ចំពោះការលេងកីឡា ដើម្បីសុខភាពរបស់ខ្លួនផង និងដើម្បី បង្កើតមិត្តភាព សាមគ្គីភាពទៅវិញទៅមក សំដៅធ្វើយ៉ាងណាឱ្យយុវជនចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងបញ្ហាប្រឈមមួយចំនួន ដែលអាចជះឥទ្ធិពលមិនល្អដល់អនាគតរបស់ពួកគាត់ ។

លោកបានបញ្ជាក់ថា កន្លងមកនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប តែងតែបានរៀបចំធ្វើ យុទ្ធនាការ«សៀមរាបផ្ទះខ្ញុំ»ដោយផ្តោតសំខាន់ទៅលើប្រធានបទពាក់ព័ន្ធនឹងការងារសង្គម ហើយចំពោះប្រធាន​បទកីឡាដើម្បីសុខភាពនេះ គឺបាន​ធ្វើជាបន្តបន្ទាប់ដូចជាការប្រកួតកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះនៅ ពេលនេះជាដើម។នៅពេលខាង​មុខក៏មានគម្រោងប្រកួតទៅលើប្រភេទកីឡាផ្សេងៗទៀតដូចជា តេខ្វាន់ដូ ល្បុក្កតោ ជាដើម។

ក្នុងពិធីបិទការប្រកួតកីឡាបាល់បោះដណ្តើមពានរង្វាន់«សៀមរាបផ្ទះខ្ញុំ»ឆ្នំា២០១៨ កាលពីរសៀលថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោក ទៀ សីហា អភិបាលខេត្តរងសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តសៀមរាប សូមអំពាវ នាវដល់មន្រ្តី ថ្នាក់ដឹកនាំ និងក្លឹបកីឡាទាំងអស់ សូមចូលរួមបំផុសចលនាកីឡា នៅទូទាំងខេត្តឱ្យបានទូលំ ទូលាយ ដើម្បីជាគោលដៅសម្រាប់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវបញ្ញាដល់កីឡាករផង ដើម្បីរួមចំណែក លើកស្ទួយកិត្យា​​នុ​ភាពជាតិ លើឆាកអន្តរជាតិ ជាពិសេសទៅទៀតនោះដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្ អប្រ​សើ​​​រ​​សម្រាប់​ការចូលរួមប្រកួតកីឡាស៊ីហ្គែម នៅឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់​ផ្ទះ៕

ដោយឃុត សៅ