ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរ រាជធានីភ្នំពេញ នាំយកទៀនវស្សាប្រគេនព្រះសង្ឃចំនួន១៨វត្តនៅខណ្ឌព្រែកព្នៅ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ


អភិបាលរាជធានីភ្នំពេញ នាំយកទៀនវស្សា ប្រេងកាត បច្ច័យទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃគង់នៅទីវត្តអារាមចំនួន១៨វត្ត ក្នុងខណ្ឌព្រែកព្នៅ ដើម្បី ព្រះសង្ឃបានប្រើប្រាស់ ដោយគោរព និងអនុវត្តទៅតាមទំនៀមទម្លាប់ប្រពៃណីយរបស់ព្រះពុទ្ធសាសនា ក្នុងពិធីចូលកាន់ព្រះវស្សា រយៈ៣ខែក្នុងរដូវមានភ្លៀងនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ កក្កដា នេះបាន​នាំយក​ទៀន​​​​វស្សា ប្រេងកាត បច្ច័យនិងទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទៅប្រគេន ព្រះសង្ឃគង់នៅ​ក្នុងវត្ត​ចំនួន១៨វត្ត នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីជាផលប្រយោជន៏ដល់ព្រះ​សង្ឃបានប្រើប្រាស់ទៅ​តាម​​​​ពុទ្ធបញ្ញាតរបស់ព្រះពុទ្ធសាសនា នៅក្នុងរដូវវស្សាយៈ៣ខែក្នុងរដូវមានភ្លៀង ដោយចាប់ពីថ្ងៃ ១​រោចខែអាសាឍត្រូវនឹងថ្ងៃទី២៨ខែកក្កដារហូតដល់ថ្ងៃ១៥កើតខែអស្សុជត្រូវនឹងថ្ងៃទី​២៤​ខែ​តុលា ឆ្នាំ២០១៨។
លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានបញ្ជាក់ថា ពិធីប្រគេន​ទៀន វស្សា បច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ពិសេសប្រេងកាត ជូនព្រះ​សង្ឃនៅ​តាមទីវត្តអារាម ក្នុងរដូវវស្សានេះ គឺប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដោយគោរពនិងអនុវត្ត​ទៅតាម​ទំ​នាមទំលាប់ប្រពៃណីយព្រះពុទ្ធសាសនា។ លោកបន្តថា ពិធីបុណ្យចូលកាន់ព្រះវស្សានេះ មាន​រយៈពេល៣ខែ ដែលព្រះសង្ឃគ្រប់អង្គត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀន​សូត្រខាងព្រះ​ពុទ្ធសាស​នា ហើយត្រូវការទេយ្យវត្ថុគ្រៀងឧបភោគផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈ​ពេល​ចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ដូចនេះ ទៀនព្រះ​វស្សានិងទេយ្យវត្ថុផ្សេងៗគឺជាតម្រូវការចាំបាច់សម្រាប់ ព្រះសង្ឃគង់ចាំព្រះវស្សាក្នុង​ជំនឿ​សា​ស​នានេះ។
សូមបញ្ជាក់ថា៖ ទៀនវស្សា ប្រេងកាតនិងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ មួយចំនួន​ដែល​បាន​​ប្រគេនដល់ព្រះសង្ឃគង់នៅតាមទីវត្តអារាមទាំង១៨វត្តនេះ ក្នុងមួយវត្តៗ ទទួលបាន​បច្ច័យ​១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេង១កាន ៣០លីត្រ ស្កស១បាវ ទឹកដោះគោ ១កេស ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស និងមី២កេស៕