ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវ ៧៣នាក់ទៅបន្តបេសកកម្ម រក្សាសន្តិភាពរបស់ UN នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ និងរូបភាព៖ លោក ជួន បូណា

   រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចំនួន៧៣នាក់ ដើម្បីទៅប្តូរវេនកម្លាំង​ចាស់​​​​​​ដែល​​​បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងបេសកកម្ម​របស់​​អង្គ​ការ សហប្រជាជាតិ។
ថ្លែងក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈ​មណ្ឌលជាតិ រក្សាសន្តិភាព បានមានប្រសាសន៍ថា កម្លាំងមួកខៀវកម្ពុជា ដែលចេញទៅបំ​ពេញ​បេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូងនេះ បានបំពេញការងារចំនួន៦រដ្ឋក្នុងប្រទេសនេះ ដោយ​​​​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក៏បានបំពាក់នូវសម្ភារថ្មីៗមួយចំនួន ទៅដល់កម្លាំងទាំង៧​៣​នាក់ រួមមានសម្លៀកបំពាក់ អាវការពារគ្រាប់ វិទ្យុទាក់ទង និងសម្ភារមួយចំនួនទៀត ដែលចាំបាច់​សម្រាប់​ការងារបំពេញបេសកកម្ម។ជាពិសេសកងកម្លាំងទាំងនេះ ទៅបំពេញការងារ ផ្នែករក្សា​សណ្តាប់​ធ្នាប់ ត្រួតពិនិត្យ ចរាចរណ៍ ត្រួតពិនិត្យរាល់សម្ភាររបស់អង្គការសហប្រជាជាតិ ។
ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ដថា បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិតម្រូវឱ្យកម្ពុជា បំ​ពាក់​​​សម្ភារ សុវត្ថិភាព បន្ថែមដល់កម្លាំងមួកខៀវ មុនចូលរួមបំពេញបេសកកម្មរបស់ អង្គការ​សហ​​​​ប្រជាជាតិ។
ឯកឧត្ដម បានបញ្ជាក់ថា នេះជាលើកទី៧ហើយ ដែលកម្ពុជាបញ្ជូនកម្លាំងមួកខៀវ ទៅបំពេញ​បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ។ជា​មួយ​គ្នា​នោះ​ ឯកឧត្ដម សែម សុវណ្ណនី បានជំរុញឱ្យកងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ គោរពបទ​បញ្ជាឱ្យបានខ្ជាប់ខ្ជួន ចេះស្រលាញ់ និងជួយមើលថែទាំគ្នា កុំប្រព្រឹត្តអ្វីដែលឆ្គាំឆ្គងនាំឱ្យ​អាប់​អោន​កិត្តិយសជាតិ។ ម្យ៉ាងវិញទៀត ត្រូវមានសាមគ្គីភាពជាមួយកម្លាំងរក្សាសន្តិភាព មកពី​បណ្តារប្រទេសនានានៅទីនោះឱ្យបានល្អ៕