ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យមន្ទីរជុំនាញប្រើគ្រឿងចក្រកាយបិទជាបន្ទាន់ ខណៈពេល ទំនប់សណ្តរស្ទឹងព្រែកត្នោតការពារទឹកជំនន់ដ៏សំខាន់ មានរូងនាគ និងមានទឹកហូរច្រោះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានអះអាងថា ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលជាទំនប់ការពារទឹកជំនន់ដ៏សំខាន់ ប៉ែកខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញ មានរូងនាគ និងមានទឹកហូរខាងក្រោមជាច្រើនកន្លែង តែអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យមន្ទីរធនធានទឹកប្រើគ្រឿងចក្រកាយបិទភ្លាមជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យទឹកហូរច្រោះ ដែលអាចឈានទៅធ្វើឲ្យបាក់ទំនប់នោះតែម្តង ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជុំនាញពាក់ពន្ធ័ក្រោមឱវ៉ាត រសៀលថ្ងៃទី២១ កក្កដានេះ បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងសួរសុខទក្ខប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌដង្កោ ដើម្បីស្វែងយល់ពីតំរូវការចាំបាច់នឹងដោះស្រាយជូនពួកគាត់ភ្លាមៗ។

ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ត្រីជំនាញពាក់ពន្ធ័,អាជ្ញាធរដែនដីត្រូវរួមគ្នាគិតគូរដោះស្រាយនិងដាក់ចេញវិធានការចាំបាច់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដែលរងគ្រោះ រៀបចំទីទួលសុវត្ថិភាព និងរៀបចំទីតាំងស្នាក់ការកាកបាទក្រហមដែលអាចដាំស្លររួមគ្នាបានដើម្បីសំរួលការលំបាកដល់បងប្អូននៅពេលទឹកលិចផ្ទះសម្បែង រៀបចំឲ្យមានពេទ្យប្រចាំការនៅទីតាំងរងគ្រោះដើម្បីផ្តល់សេវាសុខាភិបាលជូនពួកគាត់។

ក្នុងពេលចុះពិនិត្យផ្ទាល់ទំនប់៧មករាឬទំនប់សណ្តរស្ទឹងព្រែកត្នោត ពិតជាមានរូងនាគ ដែលមានទឹកហូរក្រោមទំនប់ដោយកន្លែង ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរធនធានទឹក ប្រើគ្រឿងចក្រកាយបិទជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យទឹកហូរច្រោះបន្តទៅទៀត ដែលអាចឈានទៅធ្វើឲ្យបាក់ទំនប់នោះតែម្តង។

ចំណែកអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺសង្កាត់សាក់សំពៅ មានចំនួន៦ភូមិ ស្មើនឹង៤៥៤គ្រួសារ និងមានមនុស្សចំនួន២០៤៩នាក់ផងដែរ ៕