ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តកំពង់ចាម​ អំពាវនាវឲ្យសិស្សានុសិស្សចូលរួមទប់ស្កាត់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ

ខេត្តកំពង់ចាម៖ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃនោះ ឯកឧត្តម​ គួច​ ចំរើន​ គណៈអភិបាលខេត្តកំពង់ចាម​ បានលើកឡើងនូវបញ្ហាធំ២ ដែលសិស្សានុសិស្សចូលរួមទប់ស្កាត់ នោះគឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និងបញ្ហាគ្រឿងញៀន។

ការលើកឡើងនូវបញ្ហានេះរបស់ឯកឧត្តម គួច​ ចំរើនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែកក្តដាឆ្នាំ២០១៨ ក្នុងពិធីផ្សព្វផ្សាយនៅបឋមសិក្សា​ និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម​។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម ​ បានថ្លែងប្រាប់ទៅសិស្សានុសិស្សនៃបឋមសិក្សា-វិទ្យាល័យដីដុះនោះថា ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ដ៍ធំ​ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ យើងត្រូវផ្សព្វផ្សាយបន្ត​ ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍​ត្រូវពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នា​ ចេះយោគយល់គ្នា​ កុំប្រើប្រាស់គ្រឿងញៀន​ កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់ក្នុងការបើកបរ ។

ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះគឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រងអោយបានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសម្រួលចរាចរណ៍កុំឲ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។

ឯកឧត្តម អភិបាលខេត្តបន្តថា យុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិដើម្បីអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ គួច​ ចំរើន​ ក៏បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់​ជាតិទាំងនៅបឋមសិក្សា​ និងវិទ្យាល័យ ជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារ និងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕