ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមការងារវិទ្យុជាតិកម្ពុជាតិចុះអប់រំបញ្ជ្រាបចំណេះដឹងស្តីពីការបោះឆ្នោតដល់ប្រជាពលរដ្ឋ នៅឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុខរិន រូបភាព ទុយសូលីដា

ក្រុមការងារវិទ្យុជាតិកម្ពុជាតិដឹកនាំដោយ ឯកឧត្តម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា ចុះអប់រំបញ្ជ្រាបចំណេះដឹងស្តីពីការបោះឆ្នោតដល់ប្រជាពលរដ្ឋ នៅឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាមដើម្បីជំរុញអោយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតគ្រប់ៗគ្នា។

ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលបានណែនាំអោយប្រជាពលរដ្ឋចេញទៅបោះឆ្នោតជ្រើសរើសំណាងរាស្រ្តនីតិកាលពី៦ឲ្យបានគ្រប់ៗនៅថ្ងៃទី២៩ខែកក្កដា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បើទោះបីជួបបញ្ហាលំបាកយ៉ាងណាក៏ដោយ។ ឯកឧត្តម បានប្រាប់ប្រជាពលរដ្ឋថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រព្រឹត្តិទៅតែ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ខែកក្កដា ដូច្នេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំពីការផ្សព្វផ្សាយរបស់ជនអគិតិមួយចំនួនថា មានបន្ថែមមួយថ្ងៃឬ២ថ្ងៃទៀតសម្រាប់ការបោះឆ្នោត។

ឯកឧត្តម ទន់ សារ៉ាត បញ្ជាក់ថា នេះការឃោសនាអគិតិរបស់បុគ្គលមួយចំនួនដែលមិនចង់អោយប្រជាពលរដ្ឋចេញទៅបោះឆ្នោត ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦នាពេលខាងមុខនេះ គឺជាការបោះឆ្នោតទូទៅជាសាកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ស្មើភាព និងដោយសម្ងាត់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្មានការលួចបន្លំសន្លឹក ឆ្នោតឡើយ ។

ឯកឧត្តមបានបង្ហាញថា ភាពរីកចំរើនលើគ្រប់វិស័យដែលកម្ពុជាកំពុងតែមាននេះ គឺក្រោមការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជាដែលដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាពនិងមានការអភិវឌ្ឍនិងរីកចម្រើនមានអគារសិក្សានិងផ្លូវថ្នល់ប្រជាពលរដ្ឋមានការងារនិងកាត់បន្ថយភាពក្រីក្រ។

លោក ហេង ហ៊ុន ក្រុបប្រឹក្សាស្រុកកោះសូទិន បានអោយដឹងថា អាជ្ញាធរស្រុកបានត្រៀមមធ្យោបាយដូចជាទូកកាណូត និងទីទួលសុវត្ថិភាពមួយចំនួន ដើម្បីធានាដល់ដំណើរការបោះឆ្នោតក្នុងករណីបើមានបញ្ហាគ្រោះទឹកជំនន់នោះ។លោកថា ការត្រៀមលក្ខណៈជាមុននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតគ្រប់ៗ។

ចំណែកអ្នកស្រី គៀន ចន្ថា ប្រជាពលរដ្ឋនៅភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិនខេត្តកំពងលចាមបានបញ្ជាក់ អ្នកស្រីនិងប្រជាពលរដ្ឋនៅតំបន់នោះ បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការចេញទៅបោះឆ្នោតនាថ្ងៃទី២៩ខែកក្កខាងមុខ។ អ្នកស្រីបានអះអាងថា ការចេញទៅបោះឆ្នោតនាពេលខាងមុខនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើនទៅមុខទៀត។

សូមបញ្ជាក់ថា តាមការគ្រោងទុក ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩កក្កដាខាងមុខនេះ ដោយអ្នកមានសិទ្ធិបោះឆ្នោតមានចំនួនជាង៨លាន៣សែននាក់ ៕