ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតជូនប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឱកាសអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមព្រឹទ្ធសភា ក្នុងនាម ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនប្រធានសភាប្រឹក្សានយោ​បា​យ​ប្រជាជនចិន ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនង ការទូតជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងសារលិខិតរបស់ព្រឹទ្ធសភាចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា ប្រជា​ជនចិន និងប្រជាជនកម្ពុជា មានទំនាក់ទំនងជាមួយគ្នាជាយូរលង់មកហើយ គឺតាំងពីសម័យអង្គរដ៏រុងរឿងមកម្ល៉េះ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានបង្កើត ឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមបញ្ញាញាណរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្តើមចេញពីជំនួបដំបូងរវាងព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាមួយឯកឧត្តម ជូ អេនឡាយ នៅទីក្រុងបាន់ឌុង ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៥៥។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសទាំងពីរ មានមោទនភាព ហើយបានខិតខំពូនជ្រុំពង្រឹង ពង្រីកឥត ឈប់ឈរធ្វើឱ្យទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ សាមគ្គីភាពកាន់​តែរឹងមាំ និងមានកិច្ច សហប្រតិបត្តិការដ៏ទូលំទូលាយប្រ​កប​ដោយផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងធំធេង សម្រាប់ប្រជាជនទាំងពីរ។ ថ្នាក់ដឹកនាំកំពូលៗប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សន កិច្ចជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការលើវិស័យ​នយោ​បាយ យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀតកាន់តែរីកធំធាត់ និងកាន់តែមាន សកម្មភាពមមាញឹក ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបាន ឈានឡើងដល់កម្រិត”កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

ទន្ទឹមនេះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងដោយឡែករវាងសភាប្រឹក្សានយោបាយប្រជាជនចិន ជាមួយព្រឹទ្ធសភាកម្ពុជា ត្រូវបានលើកកម្ពស់ឥតឈប់ឈរ និងមានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ ក្នុងទិសដៅបន្ត យើងខិតខំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតឱ្យបានកាន់តែច្រើន និងបន្តគាំទ្រដ៏ពេញ លេញចំពោះកម្មវិធីនយោបាយរបស់រដ្ឋាភិបាលរៀងខ្លួន ក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន។

ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកដ៏ធំធេង ក្នុងកិច្ចខិតខំប្រឹងប្រែងរួមវិភាគទានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមយកឱកាសនេះបញ្ជាក់អះអាងជាឱឡារិកជាថ្មីទៀតថា កម្ពុជាប្រកាន់ខ្ជាប់ឥតងាករេនូវគោលនយោបាយ “ចិនមួយ” ហើយជានិច្ចកាលតែងចាត់ទុក ថាសាធារណរដ្ឋប្រជាមានិតចិនជាមិត្តដ៏ទុកចិត្តបំផុតរបស់កម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា ក៏សូមប្រសិទ្ធពរជ័យជូនបក្សកុម្មុយនីស្ត និងប្រជាជនចិនជាមិត្ត សូមប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល៕

ដោយ ប៉ាល់ សុង