ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មណែនាំអោយប្រជាពលរដ្ឋចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន

ក្រសួងកសិកម្មណែនាំអោយប្រជាពលរដ្ឋចិញ្ចឹមសត្វ ជាលក្ខណៈពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋហើយអាចឈានទៅ កាត់បន្ថយការនាំចូលសាច់សត្វគ្រប់ប្រភេទពីបរទេស។

ឯឧ. សេន សុវណ្ណ អគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វ បានឲ្យដឹងថា ដើម្បីកែប្រែឥរិយាបថរបស់កសិករអោយចិញ្ចឹមសត្វជាលក្ខណអាជីវកម្មខ្នាតតូច និងមធ្យម ក្រសួងបានត្រៀមមន្រ្តីជំនាញចុះផ្តល់ បច្ចេកទេសពីលក្ខណៈចិញ្ចឹម ការថែទំា ការផ្តល់វាក់សាំងការពារជម្ងឺ បច្ចេកទេសផលិតចំណី សត្វ និងការជ្រើសរើសប្រភេទពូជសត្វចិញ្ចឹមជាដើម ដើម្បីអោយកសិករចិញ្ចឹមទៅទទួលបានជោគជ័យ។

ឯឧ.បន្ថែមថា ចេញផែនការកែប្រែឥរិយាបទរបស់ប្រជាកសិករពីការចិញ្ចឹចសត្វជាលក្ខណៈគ្រួសារ អោយទៅជាការចិញ្ចឹមជាលក្ខណៈកសិដ្ឋានខ្នាតតូចឬមធ្យម ដើម្បីធានាអោយផលិតកម្ម សាច់សត្វមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

គម្រោងជំរុញអោយកសិករបង្កើនផលិតភាពនៃការចិញ្ចឹមសត្វជាលក្ខណៈអាជីវកម្ម នេះ បានធ្វើឡើង ខណៈដែលតម្រូវការសាច់សត្វបានកើនឡើងរហូតដល់ជាង៣០ម៉ឺនតោន ក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯឧ.បានអៈអាង ការជំរុញអោយកសិករចិញ្ចឹមសត្វជាលក្ខណៈអាជីវកម្មនេះ ក្រសួង មានផែនការផ្សារភ្ជាប់រវាងកសិករនិងក្រុមហ៊ុនឯកជន ដើម្បីចុះកិច្ចសន្យាទិញនិងលក់នៅពេលកសិករប្រមូលផលបាន។

តាមការព្យាករណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា នៅឆ្នាំ២០១៩ខាងមុខនេះ កម្ពុជាអាចមានតម្រូវការសត្វសាច់រហូតដល់ជាង៣៥ម៉ឺនតោនក្នុង មួយឆ្នាំដែលការជំរុញ ផលិតកម្មចិញ្ចឹមសត្វនេះ នឹងជួយឈានទៅកាត់បន្ថយតម្រូវការនាំចូលប្រភេទសាច់សត្វមួយចំនួន ពីបរទេសថែមទៀតផង ៕