ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសបើកទូលាយដល់មហាជនក្នុងទិវាហែលទឹក អន្តរជាតិលើកទី២

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសបើកទូលាយ ចំពោះមហាជនទូទៅឲ្យមកចូលរួម ក្នុងទិវាហែលទឹកអន្តរជាតិ លើកទី២ ដែលរៀបចំដោយសហព័ន្ធកីឡា ហែលទឹកអន្តរជាតិ FINA ដោយផ្តោតសំខាន់ទៅលើការហែលទឹក មិនមែនសម្រាប់តែកីឡាករ កីឡាការិនី ហែលទឹកប៉ុណ្ណោះទេ។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានបញ្ជាក់ថា កម្មវិធីនេះគឺ ផ្តោតសំខាន់លើការចូលរួមរបស់មហាជនលើវិស័យកីឡាហែលទឹក ដែលឆ្លើយតបតាមការ ណែនាំរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដោយតម្រូវឱ្យបណ្តាសហព័ន្ធជាតិទាំងអស់ នៅលើពិភពលោក ទិវានៅក្នុងស្រុករបស់ខ្លួន ត្រូវរៀបចំពីថ្ងៃទី១៧ខែកក្កដាតទៅ ដើម្បីធ្វើ យុទ្ធនាការនេះឱ្យបានព្រមៗគ្នា ក្នុងគោលដៅផ្តល់ចំណេះដឹងដល់មនុស្សទូទៅចំពោះអត្ថ ប្រយោជន៍ ក្នុងការហែលទឹក។

លោកបានបន្តថា ក្នុងនាមជាសមាជិកសហព័ន្ធកីឡាហែលទឹកអន្តរជាតិនោះ សហព័ន្ធខ្មែរ កីឡាហែលទឹក បានរៀបចំកម្មវិធីនេះរយៈពេល២ថ្ងៃទៀត ពោលគឺនៅទី២១ ខែកក្កដា ស្អែកនេះធ្វើនៅមជ្ឈមណ្ឌលហែលទឹកតេជោសែនខេត្តកំពង់ចាម និងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៨ ធ្វើនៅក្លិបហែលទឹក ការ៉ាកុល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអគ្គលេខាធិការក៏បានអំពាវនាវដល់យុវជនយុវនារីនាំគ្នាចូលរួមហែលទឹកឱ្យបានច្រើន កុះករ ដោយមហាជន ដែលនឹងមកហែលទឹកអបអរទិវាអន្តរជាតិនេះមិនត្រូវបានគិតប្រាក់ កម្រៃអ្វីទាំងអស់៕


ដោយ ហេង ណាលីន