ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកអ្នកជម្លៀសពីទីក្រុងស៊ីអ៊ីត ពីរចាប់ផ្តើមទៅដល់អាឡេបប៉ូ របស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ –ប្រភពច្បាស់ការណ៍មួយបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា រថយន្តក្រុងសរុបទាំងអស់ ៣៩ គ្រឿងពីក្នុងចំនួន១២១គ្រឿងដែលដឹកជញ្ជូនពួកអ្នកជម្លៀសពី Kafraya និង Foa នៅក្នុងខេត្ត Idlib បានចូលទៅក្នុងខេត្តអាឡេបប៉ូ របស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ។

វាជាផ្នែកនៃកិច្ចព្រមព្រៀងគ្នា មួយដែលបានសម្រេចឡើងកាលពីពេលថ្មីៗ នេះ រវាងពួកឧទ្ទាម និងរដ្ឋាភិបាលដែល គាំទ្រដោយអ៊ីរ៉ង់ និង តួកគី ។

ប្រភពនោះបាននិយាយជាអនាមិកថា ក្រុមដំបូងនៃរថយន្តក្រុងនេះបានទៅដល់តំបន់ Eis ក្នុងទីជនបទភាគខាងត្បូង នៃខេត្តអាឡេបប៉ូ នៅតាមផ្លូវរបស់ពួកគេទៅកាន់ទីក្រុងរដ្ឋធានីអាឡេបប៉ូ ។

ដំណើរការនេះ នឹងនាំឱ្យមានការជម្លៀសប្រជាជនដែលនៅសេសសល់ទាំងអស់នៅ Kafraya និង Foa ដែលទាំងពីរ នេះជាទីក្រុងមានពួកស៊ីអ៊ីត រស់នៅច្រើនដែលត្រូវបានឡោមព័ទ្ធដោយពួកឧទ្ទាមនៅ Idlib ចាប់តាំងពីឆ្នាំ ២០១៥មក ។

កិច្ចព្រមព្រៀងនេះ មានជាប់ពាក់ព័ន្ធដល់ការជម្លៀសទាំងស្រុងប្រជាជនទាំងអស់ នៅ Kafraya និង Foa ដែលនៅ ក្នុងការប្តូរគ្នានេះ រដ្ឋាភិបាលនិងដោះលែងពួកអ្នកជាប់ឃុំឃាំង ១.៥០០នាក់មកពីពួកឧទ្ទាម និងសាខារបស់ពួកគេ ។

កិច្ចព្រមព្រៀងបច្ចុប្បន្នក៏មានរួមបញ្ចូលផងដែរការដោះលែងប្រជាជនដែលគេបានចាប់ពង្រត់នៅក្នុងកន្លែងឃុំឃាំងរបស់ពួកឧទ្ទាមមកពីទីក្រុង Ishtabrak ក្នុងទីជនបទភាគខាងជើងរបស់ Idlib ។ ប្រជាជននៅ Kafraya និង Foa បានបដិសេធកិច្ចព្រមព្រៀងមួយកាលពីមុនសម្រាប់ការជម្លៀសពួកគេកាលពីខែមេសាកន្លងទៅ ព្រោះពួកគេមិនបាន ទទួលនូវការធានាឱ្យបានខ្លាំងដល់សុវត្ថិភាពរបស់ពួកគេ ។

កាលពីក្នុងខែមេសា ឆ្នាំ ២០១៧ មនុស្ស១១២នាក់ មកពីទីក្រុងទាំងពីរ បានស្លាប់នៅពេលទៅដល់តំបន់មួយ ដែលពួកឧទ្ទាមកាន់កាប់នៅអាឡេបប៉ូ នៅពេលដែលពួកឧទ្ទាមបំផ្ទុះគ្រាប់ បែកបង្កប់ក្នុងរថយន្តមួយគ្រឿង នៅក្បែររថយន្តក្រុងដែលដឹកពួកគេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )