ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម​ ជួន ណា​រិន្ទ​ បើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦

AKP ​ព្រះសីហនុ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–​នាព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នំា២០១៨ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ មានបើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ​នីតិកាល​ទី​៦
ក្រោមអធិបតីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការ នគរបាលខេត្ត ​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្នងការ​រង​ នាយ​ នាយ​រង​ការិយាល័យ​ អធិការ​ អធិការរងនគរបាលក្រុង ស្រុក និង​នាយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ទូទាំងខេត្តព្រះសីហនុ។

ឯកឧត្ដម​ ជួន ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ ណែនាំដល់ មន្ត្រីនគរបាលត្រូវយកចិត្តទុកដាក់ ពិសេសយល់ដឹងអំពីច្បាប់ បទបញ្ជា នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ និង​ក្រមសីលធម៌សម្រាប់​ភ្នាក់ងារសន្តិសុខការពារការិយាល័យ បោះឆ្នោតជ្រើស រើសតំណាងរាស្ត្រនីតិកាលទី៦។

កងកម្លាំងប្រដាប់អាវុធត្រូវ យល់ដឹងអំពីសិទ្ធិ តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​វិន័យ​ ក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ មាន​ឆន្ទៈ​ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ត្រូវ​ធ្វើ​ការ​បែងចែកវេនប្រចាំ​ការ​ ២៤​ម៉ោង លើ២៤ម៉ោង​ ដើម្បីម្បី​ក្តាប់សភាពការណ៍ ការ​ពារ​សន្តិសុខ​សុវត្ថិភាពក្នុងសង្គម។

​ឯកឧត្តមបាន​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាលទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨ ខាង​មុខ​នេះ​ វាមាន​សារៈសំខាន់​ណាស់​ មិនអនុញ្ញាតឱ្យក្រុមណា ឬជនណាមក​អុកឡុក​ រារាំង​ គំរាម កំហែង បំភិតបំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ បំផ្លាញ​ដល់​ការ​បោះឆ្នោត​ជាដាច់ខាត​ ដើម្បីឱ្យប្រជាពលរដ្ឋបញ្ចេញមតិ ចូលរួមបោះ ឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន។

ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ស្នងការ​ខេត្ត ក៏បានធ្វើការបែងចែក ម៉ូតូ​ម៉ាក​ស៊ុយស៊ូ​គី​ស្មា​ស ចំនួន ២៩គ្រឿង ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ២៩ឃុំ សង្កាត់ទូទាំងខេត្តព្រះ សីហនុ ដើម្បីធ្វើជា​មធ្យោបាយបម្រើការងារនៅតាមមូលដ្ឋាន៕

ដោយ ងូ សុមុនី