ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកំពង់ចាម អះអាងថា ទោះបី កម្ពស់ទឹក ទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ តែពុំទាន់បង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋឡើយ (មានវីដេអូរ)

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ

ក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដែល​ធ្វើឡើង នៅក្នុងភូមិត្រកួន ឃុំក្រឡាស្រុកកំពង់សៀមឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានលើកឡើងថាទោះបី កម្ពស់ទឹក ទន្លេ​មេ​គង្គបានហក់ឡើងជាបន្តបន្ទាប់ ប៉ុន្តែក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មិនទាន់​ដល់ចំណុចត្រូវប្រកាសអាសន្នឡើយ កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន គឺកម្ពស់១៥.២០ម៉ែត្រ ។
ឯកឧត្តម បន្តថា ស្រុកដែលអាចប្រឈមនឹងគ្រោះទឹកជំនន់ទឹកទន្លេមេគង្គ មានស្រុកស្ទឹងត្រង់, កំពង់សៀម, កងមាស, កោះសូទិន និងស្រុកស្រីសន្ធរ ។ស្រុកទាំង៥នេះ ជាតំបន់ទំនាប និងសំបូរព្រែក ដូច្នេះ សូមប្រ​ជាពល​រដ្ឋ​ទាំងដែលរស់នៅក្នុងតំបន់នោះ ត្រូវយកចិត្តទុកដាក់ខ្ពស់​លើបញ្ហា​រសុខ​ភាព សុវត្ថិភាព និង ត្រៀមរៀបចំបង្ការ ដើម្បីការពារអាយុជីវិតមនុស្ស និង​សត្វ ។
ឯកឧត្តម គួច ចំរើន បានឲ្យដឹងទៀតថា បើទោះជាអាកាសធាតុមានការ​ប្រែ​ប្រួល ដោយមានភ្លៀងធ្លាក់ស្ទើរតែរៀងរាល់ថ្ងៃ និងកម្ពស់ទឹកតាម​ដងទន្លេ​មេគង្គបានហក់ឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែមិនទាន់មានបញ្ហាអ្វី​កើត​ឡើងគួរឲ្យសម្គាល់ឬបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ ។ តែទោះជា​យ៉ាងណាក៏​ដោយ អាជ្ញាធរខេត្តកំពង់ចាម បានស្នើដល់អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់ក្រោម​ឱវ៉ាត រួមនឹងមន្ត្រីពាក់ពន្ធ័ ត្រូវបន្តយកចិត្តទុកដាក់ តាមដានអាកាសធាតុ និង​កម្រិតកម្ពស់ទឹកជាប់ជាប្រចាំ ត្រៀមនូវឧបករណ៍​ជួយសង្គ្រោះ​ដូច​ជា​ថ្នាំ​សង្កូវ ទូក កាណូត ដើម្បីជួយសង្គ្រោះប្រជាពល​រដ្ឋដែលងាយ​នឹងរង​គ្រោះ​ក្នុង​រដូវទឹកឡើងនេះ និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និង​ប្រ​ក​បរបររកស៊ី នៅ ដងច្រាំងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស​បងប្អូនប្រជានេសាទតែម្តង ព្រោះនៅលើទឹកតាមដងទន្លេមេគង្គ អាចងាយ​ប្រឈមឲ្យមានគ្រោះថ្នាក់ផងដែរ៕