ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករកីឡាការិនី៤៨នាក់លើ៤ប្រភេទកីឡាចេញដំណើរទៅប្រកួតកីឡា ASEAN School Games នៅប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–អត្តពលិកជាង៤០នាក់លើ៤ប្រភេទកីឡាបានជួបជុំគ្នា នៅពហុកីឡដ្ឋានជាតិ និងបានចេញ ដំណើរហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីទៅចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាសិស្ស និស្សិតលើកទី១០ ASEAN School Games នៅប្រទេស ម៉ាឡេស៊ី ដែលត្រូវចាប់ផ្ដើមដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នេះគឺជាលើក៣ របស់កម្ពុជាដែលបញ្ជូនអត្តពលិកលើ៤ប្រភេទកីឡាទៅចូលរួម ASEAN School Games លើកទី១០ នៅប្រទេសម៉ាឡេស៊ី ដែល២លើកកន្លងមក កម្ពុជាធ្លាប់ឈ្នះមេដាយសំរឹទ្ធិ ១វិញ្ញាសាប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៨នេះ កីឡាករ កីឡាការិនីថ្នាលទាំងអស់បាន ត្រៀម លក្ខណៈល្អប្រសើរច្រើនជាង២លើកកន្លងទៅ ដោយរំពឹងថា ពួកគាត់នឹងធ្វើបានល្អ និងទទួល បានលទ្ធផលប្រសើរផងដែរ។

ឯកឧត្តមបន្តថា ការបញ្ជូនថ្នាលយុវជនអាយុក្រោម១៨ឆ្នាំ ទាំងនេះឱ្យចូលរួមប្រកួតក្នុងកម្រិតអាស៊ាននេះ គឺជាគោលដៅ និងជាយុទ្ធសាស្ត្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងគុណភាពអត្តពលិក របស់ខ្លួន ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ពីព្រោះថា ពេលនេះពួកគាត់មានក្រោមអាយុ១៨ឆ្នាំ ហើយទម្រាំងដល់ឆ្នាំ២០២៣ ដែលនៅសល់ ពេល៥ឆ្នាំទៀតនោះ ពួកគាត់នឹងចម្រើនវ័យសមល្មម និងបន្តបង្កើនបច្ចេកទេសជូនដល់ ពួកគាត់បន្ថែមទៀត ដើម្បីប្រជែងមេដាយក្នុងស៊ីហ្គេម ក្នុងឋានៈជាម្ចាស់ផ្ទះ។

ឯកឧត្តមបានអះអាងថា ម្ចាស់ផ្ទះម៉ាឡេស៊ីបានដាក់១០ប្រភេទកីឡាឱ្យ អត្តពលិកមកពីបណ្តា ប្រទេសនានាក្នុងអាស៊ាន ចូលរួមប្រកួតប្រជែងមេដាយ ប៉ុន្តែសម្រាប់កម្ពុជាសម្រេចយកតែ៤ ប្រភេទកីឡាប៉ុណ្ណោះ ដែលត្រូវបានសម្រិតសម្រាំងទុកថាជាប្រភេទកីឡាប្រកបដោយសក្តានុ ពលជាងគេ ហើយឯកឧត្តមជឿជាក់ថា ៤ប្រភេទកីឡានេះ នឹងដណ្តើមបាននូវមេដាយ ក្នុងណាមួយជាក់ជាមិនខាន។

គួរបញ្ជាក់ថា ៤ប្រភេទកីឡានេះ រួមមាន កីឡាអត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី និងកីឡា ហែលទឹក ដោយមានកីឡាករចំនួន៣៣នាក់ និងកីឡាការិនី១៥នាក់៕


ដោយ ហេង ណាលីន