ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលនឹងខិតខំកសាងប៉ុស្ដិ៍នគរបាលរដ្ឋបាលដែលសស់ចំនួន១៤៤ទៀត ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០១៩ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–​រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានអះអាងថា បច្ចុប្បន្ននេះ ក្នុងចំណោមប៉ុស្តិ៍នគរបាល​រដ្ឋបាលតាមឃុំ-សង្កាត់ទាំង១៦៤៦ នៅទូទាំងប្រទេស គឺមានប៉ុស្តិ៍នគរបាល១៤៤ ដែលមិនទាន់បានកសាង ហើយរាជរដ្ឋាភិបាលនឹងបន្ដខិតខំដោះស្រាយជួយកសាងឱ្យ​បានរួចរាល់ត្រឹមឆ្នាំ២០១៩ខាងមុខ។

​ក្នុងពិធីប្រគល់ម៉ូតូចំនួន១៦៤៦គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តាមគម្រោងប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង១៤៤ នឹងត្រូវកសាងឱ្យរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង មហាផ្ទៃ នឹងខិតខំដោះស្រាយក្នុងការជួយកសាងប៉ុស្ដិ៍នគរបាលរដ្ឋបាលឱ្យបានគ្រប់នៅទូទាំងប្រទេស និងរួចរាល់នៅត្រឹមឆ្នាំ២០១៩ តាមរយៈការស្វែងរកថវិកាពីប្រភពផ្សេងៗ ក្រៅតែថវិការបស់រដ្ឋ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការសាងសង់ឱ្យមានប៉ុស្ដិ៍នគរបាលរដ្ឋ បាលនេះ មិនមែនដើម្បីបានអង្គុយក្នុងម្លប់ស្រួលនោះទេ តែបើគ្មានកន្លែងធ្វើការ គឺមិនដឹងថា ដាក់ឯកសារនៅឯណា ដោយទុកឯកសារនៅរាយប៉ាយ ខ្លះនៅតាមផ្ទះមេប៉ុស្តិ៍ជាដើម ដែលអាចនឹងបាត់បង់ឯកសារ និងមានហានិភ័យខ្ពស់។

សម្ដេចក្រឡាហោមបានបន្ដថា ប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ គឺជាកម្លាំងស្នូល ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព តាមមូលដ្ឋាន។

​សម្ដេចក្រឡាហោមបានអះអាងថា មន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលគឺជាប្រតិបត្តិករយ៉ាងសំខាន់ ក្នុងការធានាស្ថិរភាពសន្ដិសុខនៅតាមមូលដ្ឋាន និងជាសេវាករដ៏មានសក្ដានុពល ក្នុងការបម្រើសេវា រដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ក៏ជាយន្ដការយ៉ាងសំខាន់ក្នុងការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណរបស់ រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារ ក៏ដូចជាការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការបំពាក់ នូវឧបករណ៍ សម្ភារ ថវិកា និងការកសាងទីស្នាក់ការសម្រាប់ធ្វើការងារឱ្យសមរម្យដល់ប៉ុស្ដិ៍ នគរបាលរដ្ឋបាល។

​សម្តេចក្រឡាហោមបានវាយតម្លៃខ្ពស់ដោយបានឃើញថា បច្ចុប្បន្ននេះ មន្រ្ដីប៉ុស្តិ៍នគរ បាលរដ្ឋបាល នៅទូទាំងប្រទេស មានការយល់ដឹងច្បាស់លាស់ពីតួនាទីរបស់ខ្លួនក្នុងការការពារ និងបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ដែលខ្លួនទទួលខុសត្រូវ។

សម្ដេចក្រឡាហោម ក៏បានកោតសរសើរចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានយកចិត្តទុកដាក់ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រង និងពង្រឹងកម្លាំងនគរបាលគ្រប់ថ្នាក់ ឱ្យកាន់តែរឹងមាំ ជាពិសេសការពង្រឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលឱ្យមានសមត្ថភាពក្នុងការរក្សា
សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជននៅតាមមូលដ្ឋាន៕

ដោយ អ៊ុន រិទ្ធី