ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហភាពអឺរ៉ុប(EU)ផ្តល់មូលនិធិប្រមាណ៨០ប៊ីលានដុល្លារអាមេរិកសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយ ប្រទេសអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ –មន្រ្តីអ៊ីរ៉ង់មួយរូបបាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុប បានបង្កើតមូលនិធិមួយដែលមានទឹកប្រាក់ប្រមាណ៨០ប៊ីលានដុល្លារអាមេរិក ដើម្បីផ្តល់ជាប្រាក់កម្ចីដល់ សហគ្រាសខ្នាតតូច និងមធ្យមក្នុងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។

តាមសារព័ត៌មានទីក្រុងតេអេរ៉ង់ (Teheran Times)បានឱ្យដឹងថា លោក Mohammad-Hossein Adeli អតីត អគ្គលេខាធិការ នៃវេទិកាបណ្តាប្រទេសនាំឧស្ម័នចេញបាននិយាយថា ពួកអាជ្ញាធរសហភាពអឺរ៉ុប បានចាប់អារម្មណ៍នៅក្នុងការទប់ទល់នឹងការដាក់កម្រិតរបស់អាមេរិក លើកិច្ចសហប្រតិបត្តិការ នៃ បណ្តាប្រទេសនៅ អឺរ៉ុបជាមួយអ៊ីរ៉ង់នោះ។

តាមលោកAdeli ដែលធ្លាប់ធ្វើជាទេសាភិបាលនៃធនាគារកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៤ផងនោះ បានឱ្យដឹងថា បណ្តាសហគ្រាសអ៊ីរ៉ង់ទាំងអស់អាចដាក់ពាក្យសុំជាប្រាក់កម្ចី និងជាកញ្ចប់ថវិកា ពីមូលនិធិនេះ។

ដោយមានការចង្អុលបង្ហាញពីកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះមួយ ដែលបានធ្វើឡើងនៅទីក្រុងព្រុចសែល ស្តីអំពី កិច្ចសហប្រតិបត្តិការ អ៊ីរ៉ង់-អឺរ៉ុប លោកបាននិយាយថា បណ្តាមេដឹកនាំអឺរ៉ុប បានសង្កត់ធ្ងន់ថា ពួកគេបានប្តេជ្ញាចិត្តថានឹង ការពារចំណងទាក់ទង់ខាងសេដ្ឋកិច្ចរបស់ពួកគេជាមួយប្រទេសអ៊ីរ៉ង់៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )