ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ថា បញ្ហាទឹកជំនន់មិនបង្ករាំងស្ទះដល់ការដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅកាន់មណ្ឌលនោះទេ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា បញ្ហាទឹកជំនន់មិនបង្ករាំងស្ទះដល់ការដឹកជញ្ជូនសម្ភារៈ និងសន្លឹកឆ្នោតទៅកាន់មណ្ឌលបោះឆ្នោតនៅតាមរាជធានីខេត្តនោះទេ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនៅសល់ពេលតែ១០ថ្ងៃទៀត ចូលមកដល់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា សម្ភារៈបម្រើឱ្យការបោះឆ្នោតមានដូចជា សន្លឹក ឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបលាងមិនជ្រះ និងត្រាសម្ងាត់ បាននឹងកំពុងដឹកជញ្ជូនទៅតាមមណ្ឌលរាជធានីខេត្តជាបណ្តើរៗហើយ បើទោះបីនៅតាមខេត្តមួយចំនួនកំពុងមានទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ និងបានកាត់ផ្តាច់ផ្លូវ ដែលបង្កភាពលំបាកដំណើរការដឹកជញ្ជូនសម្ភារៈទាំងនេះក៏ដោយ។

ថ្លែងប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានរៀបចំមធ្យោបាយ និងកន្លែងមានសុវត្ថិភាព សម្រាប់ដឹកជញ្ជូន និងរក្សាទុកសម្ភារៈបម្រើឱ្យការបោះឆ្នោតទាំងនេះបានយ៉ាងត្រឹមត្រូវបំផុត ដោយមិនឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ ឯកឧត្តមបានបន្តថា បើសិនជាទឹកនៅតែបន្តលិចរហូតដល់ថ្ងៃបោះឆ្នោត ហើយប៉ះពាល់ដល់ការិយាល័យបោះឆ្នោតដែលមាននៅតាមឃុំសង្កាត់ គឺ គ.ជ.ប នឹងធ្វើការប្តូរការិយាល័យបោះឆ្នោត ទៅកាន់ទីទួលមានសុវត្ថិភាព ដោយមិនឱ្យខកខានដល់ការបោះឆ្នោតនោះឡើយ ហើយបើសិនការិយាល័យបោះឆ្នោតនៅក្នុងឃុំសង្កាត់មួយ មិនអាចរកទីតាំងមានសុវត្ថិភាពដើម្បីឱ្យប្រជាពលរដ្ឋ បោះឆ្នោតបាន គឺនឹងអាចពន្យារពេលការបោះឆ្នោតនៅតាមការិយាល័យដែលជួបឧបសគ្គនោះ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា កម្ពស់ទឹកនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប នឹងបន្តឡើងរហូតដល់ថ្ងៃទី២២ ខែកក្កដា ខណៈភ្លៀងនឹងបន្តធ្លាក់នៅតាមរាជធានីខេត្ត ដែលបង្កឱ្យជន់លិចផ្លូវ ភូមិលំនៅដ្ឋាន និងស្រែចម្អារ។

គ.ជ.ប នៅថ្ងៃទី១៩ ខែកក្កដានេះ បានបន្តដឹកសម្ភារៈបម្រើការបោះឆ្នោតមានដូចជា សន្លឹក ឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបលាងមិនជ្រះ និងត្រាសម្ងាត់ទៅកាន់ខេត្តចំនួន១៣ទៀត គឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប បន្ទាប់ពីបានដឹកជញ្ជូនរួចរាល់ទៅកាន់កំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។ ចំណែក រាជធានីភ្នំពេញ នឹងដឹកចេញចុងក្រោយគេនៅថ្ងៃទី២០ ខែកក្កដា។

យោងតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានកំណត់ឱ្យ គ.ជ.ប ត្រូវធានាថា រាល់សម្ភារៈ ឯកសារបោះឆ្នោត ត្រូវតែបានបញ្ជូន និងប្រគល់ដល់គណៈកម្មការការិយាល័យបោះឆ្នោតមិនឱ្យលើស៣៦ម៉ោង មុនថ្ងៃបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ដែលចាប់ផ្តើមឡើងតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕