ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងសាធារណការគ្រោងដឹកនាំប្រជាពលរដ្ឋជាង៥០០នាក់មកពីស្រុកកោះធំដើម្បីធ្វើដំណើរកម្សាន្តតាមរថភ្លើងទិសខាងជើងស្វែងយល់ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុរិន

រដ្ឋមន្រ្តីក្រសួងសាធារណការ គ្រោងដឹកនាំប្រជាពលរដ្ឋជាង៥០០នាក់មកពីស្រុកកោះធំ ខេត្ត កណ្តាល ដើម្បីធ្វើដំណើរកម្សាន្តតាមរថភ្លើងទិសខាងជើង ដែលបានបើកអោយដំណើរការ ឡើងវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានអាក់ខានជាច្រើនឆ្នាំកន្លងមកនោះ។

ឯឧ.វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបាន ប្រាប់វិទ្យុជាតិ កម្ពុជាឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដានេះថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋជាង៥០០នាក់មកពីស្រុកកោះធំ ខេត្ត កណ្តាលដើម្បីស្វែងយល់ពីវិស័យដឹកជញ្ជូនតាមផ្លូវដែកនេះ គឺដឹកនាំដោយផ្ទាល់ពីឯឧ.ទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ដោយចេញដំណើរពី រាជាយស្មយាន្ត រាជធានីភ្នំពេញ ឆ្ពោះទៅរ៉ា រទេះភ្លើងរមាស ខេត្តកំពង់ឆ្នាំង ហើយត្រលប់មកកាន់រាជធានីភ្នំពេញ វិញ។ ឯឧ.បានបញ្ជាក់ថា កម្មវិធីដំណើរទស្សនៈកិច្ចរបស់ប្រជាពលរដ្ឋទំាងនេះមានសារៈ សំខាន់ណាស់ ដោយមិនត្រឹមតែអោយប្រជាពលរដ្ឋបានស្វែងយល់ពីសមិទ្ឋិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍កន្លងមកដូចជាផ្លូវរថភ្លើងដែលទើបតែកែលម្អអោយល្អស្អាត និងបើកអោយដំណើរការឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់និងភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋនិងមន្រ្តីរាជរដ្ឋាភិបាល។

ផ្លូវដែកពីភ្នំពេញទៅដល់ប៉ោយប៉ែតព្រំដែនកម្ពុជា ថៃ ត្រូវបានដាក់អោយដំណើរការឡើងវិញ កាលពីថ្ងៃទី៤ ខែកក្កដា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សេវាដឹកជញ្ជូនអ្នកដំណើរនិងទំនិញឆ្លងដែនរវាងកម្ពុជា-ថៃអោយកាន់តែងាយស្រួល។

សូមបញ្ជាក់ថា ផ្លូវដែកពីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ជាង៣៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត រាជធានីចំនួន៧ ក្នុងនោះ មានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង់ និងខេត្តបន្ទាយមានជ័យ។