ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់នឹងផលិតរួមគ្នាគ្រឿងសម្ភារការពារជាមួយប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –ទូរស្សន៍ Press TV រាយការណ៍ថា មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ បាននិយាយពីថ្ងៃអង្គរថា អ៊ីរ៉ង់និងប៉ាគីស្ថាន កំពុងស្វែងរកការផលិតរួមគ្នាគ្រឿងសម្ភារការពារ ។

ឧត្តមសេនិយ៍ទោ ម៉ូហាម៉ាដ បាកេរី ( Mohammad Baqeri ) នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីធ្វើកិច្ចប្រជុំមួយជាមួយប្រធានាធិបតីប៉ាគីស្ថាន លោក ម៉ាម នូន- ហ៊ូស្សែន ( Mamnoon Hussain )ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអង្គារ ។

គេបានដកស្រង់សំដី លោក បាកេរី ដែលនិយាយថា អ៊ីរ៉ង់និងប៉ាគីស្ថានកំពុងធ្វើការងារដើម្បីផលិតរួមគ្នា ផលិតផលការពារ ហើយបង្ហាញនូវផលិតផលនោះថា ជាស្នាដៃរួមគ្នាមួយនៃប្រទេសមូស្លឹម នេះ ។

នៅក្នុងកិច្ចប្រជុំនោះ លោក ហ៊ូស្សែន និងលោក បាកេរី បានគូសបញ្ជាក់នូវសារសំខាន់នៃចំណងទាក់ទង តេហេរ៉ង់-អ៊ីស្លាម៉ាបាដ នៅក្នុងវិស័យផ្សេងៗជាពិសេសក្នុងផ្នែកការពារ ។

កាលពីថ្ងៃអង្គារ លោក បាកេរី ក៏បានធ្វើកិច្ចប្រជុំមួយផងដែរ ជាមួយនាយសេនាធិការកងនាវាចរប៉ាគីស្ថាន ឧត្តមនាវី ហ្សាហ្វារ ម៉ាមូដ អាប់បាស៊ី ( Zafar Mahmood Abbesi )។

លោកបាននិយាយបន្ថែមថា ក្នុងអំឡុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាគ្នានូវប្រធានបទដែលរួមមាន ការអប់រំយោធា, ការបង្ហាត់បង្រៀនពួកអាកាសយានិក, សមយុទ្ធយោធា ព្រមទាំងកុងត្រា នានារវាងឧស្សាហកម្ម ការពាររបស់ប្រទេសទាំងពីរ ។

កាលពីថ្ងៃចន្ទ មេបញ្ជាការកំពូលអ៊ីរ៉ង់បានរិះគន់ ស.រ.អា ពីបទស្វះស្វែងធ្វើឱ្យមានអសន្តិសុខក្នុង មជ្ឈិមបូព៌ា ព្រមទាំងប្រឆាំងនឹងការស្តាឡើងវិញសន្តិភាពក្នុងតំបន់នេះ ។

លោក បាកេរី បាននិយាយថា អាម៉េរិកស្ថិតនៅលើគេក្នុងបញ្ជីឈ្មោះប្រទេស ដែលស្វែងរកបង្កើត ឱ្យមាន អសន្តិសុខនៅក្នុងតំបន់ ព្រមទាំងប្រឆាំនឹងការស្តាឡើងវិញសន្តិសុខនៅក្នុងតំបន់នេះ ។

លោក បាកេរី បានទៅដល់ក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃចន្ទ សម្រាប់ទស្សនកិច្ចជាផ្លូវការមួយ តាមការអញ្ជើញ របស់សមភាគីប៉ាគីស្ថានរបស់លោក គឺឧត្តមសេនិយ៍ កាម៉ារចាវ៉េដ បាជវ៉ា ( Qamar Javed BAjwa ) ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)