ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនស្វាគមន៍ការធ្វើឱ្យល្អប្រសើរចំណងទាក់ទងរុស្ស៊ី- ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ជុនយីង ( Hua Chunying ) បាននិយាយពីថ្ងៃអង្គារថា ចិនស្វាគមន៍ការធ្វើឱ្យល្អប្រសើរទំនាក់ទំនងរុស្ស៊ី-អាមេរិក ។

លោកស្រី ហួ បានធ្វើការកត់សម្គាល់នេះ នៅឯសន្និសីទសារព័ត៌មានមួយដោយធ្វើអត្ថាធិប្បាយ ស្តីពីកិច្ចប្រជុំទស់ មុខគ្នាជាផ្លូវការលើកដំបូងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ( Donald Trump ) និងប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) ក្នុងទីក្រុងហែលស៊ីនគី ។

លោកស្រីបាននិយាយថា ចិនស្វាគមន៍កិច្ចប្រជុំរវាងប្រមុខរដ្ឋរុស្ស៊ី និង ស.រ.អា ។ លោកស្រី ហួ បាន និយាយថា ទាំងរុស្ស៊ីទាំង ស.រ.អា គឺជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នឹងជាប្រទេសចម្បងដែលមាន ឥទ្ធិពលជាអន្តរជាតិយ៉ាងសំខាន់ ហើយប្រទេសទាំងពីរទទួលខុសត្រូវយ៉ាងសំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ។

ប្រទេសចិនសប្បាយរីករាយដែលឃើញរុស្ស៊ី និង ស.រ.អា ធ្វើឱ្យប្រសើរនូវទំនាក់ទំនងនោះ ។ ចិនសង្ឃឹមថា ភាគី ទាំងពីរ និងពង្រឹងការទាក់ទងគ្នា ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ដែលនាំទៅរកបុព្វហេតុនៃ សន្តិភាព និង ការអភិវឌ្ឍពិភពលោក ហើយនឹងជួយដល់សហគមន៍អន្តរជាតិដោះស្រាយរួមគ្នាការប្រកួតប្រជែងរួម ។

នៅពេលដែលគេសួរថា តើកិច្ចប្រជុំនេះនឹងប៉ះពាល់ដល់ចំណងទាក់ទងចិន- រុស្ស៊ី ឬ ចិន – ស.រ.អា ដែរឬយ៉ាងណា នោះលោកស្រី ហួ បាននិយាយថា ចិនមានជំនឿទាំងស្រុងនៅក្នុងភាពជាដៃគូសម្របសម្រួល ជាយុទ្ធសាស្ត្រ ដ៏ទូលំ ទូលាយចិន-រុស្ស៊ី ហើយទំនាក់ទំនងចិន- រុស្ស៊ី នឹង មិនប៉ះពាល់ដោយកត្តាខាងក្រៅណាមួយឡើយ ។
ជំហររបស់យើង ស្តីពីការអភិវឌ្ឍទំទាក់ទំនងចិន – ស.រ.អា ក៏មានភាពច្បាស់លាស់ និងមិនផ្លាស់ប្តូរផងដែរ ។

លោក ត្រាំ និងលោក ពូទីន បានចាប់ផ្តើមកិច្ចប្រជុំទ្វេភាគីលើកដំបូងរបស់ខ្លួន កាលពីថ្ងៃចន្ទ ក្នុងទីក្រុង ហែលស៊ីនគី  ដែលនៅទីនោះពួកគេបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការ ស្តីពីជម្លោះក្នុងប្រទេស ស៊ីរី , អំពើភេរវកម្ម ព្រមទាំងការដកហូតអាវុធនុយក្លេអ៊ែរ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )