ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករជម្រើសជាតិ សុខ ចាន់មាន ប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាព សម្រាប់ជើងឯក ពិភពលោកឆ្នាំ២០១៨ នៅប្រទេសកាណាដា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨–ម្ចាស់មេដាយមាសកម្រិតពិភពលោកឆ្នាំ២០១៦ កីឡាករជម្រើសជាតិកម្ពុជា សុខ ចាន់មាន កំពុងបង្កើនការហ្វឹកហាត់របស់ខ្លួនយ៉ាងសកម្មជារៀងរាល់ថ្ងៃ នៅទីលានកីឡដ្ឋានជាតិជាមួយ​ក្រុមកីឡាករជម្រើសជាតិជាច្រើនរូបទៀត ដោយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងនូវលទ្ធផលដ៏ល្អមួយយកមកជូនជាតិមាតុភូមិរបស់ខ្លួន នៅក្នុងការប្រកួតជើងឯកពិភពលោក
នៅប្រទេសកាណាដា ឆ្នាំ២០១៨ ក្នុងអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

ម្ចាស់មេដាយមាសពិភពលោករូបនេះបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះថា ការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើស ជាតិកីឡាប៉េតង់កម្ពុជាអស់រយៈពេល៥ខែមកហើយ ដោយក្នុង១ថ្ងៃៗ គ្រូបង្វឹក លោក អ៊ឹង ផាត បានរៀបចំកម្មវិធីហ្វឹកហាត់២ពេល ក្នុង១ថ្ងៃ និង៦ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បី សម្រួចគោល ដៅបច្ចេកទេស និងសមត្ថភាពរបស់កីឡាករជម្រើសជាតិរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកកម្រិតភពលោក នៅប្រទេសកាណាដា ដែលគ្រោងធ្វើឡើង នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៨។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាកំពុងត្រៀមកីឡាករជម្រើសជាតិរបស់ខ្លួន៤នាក់ ដើម្បី​ចូលរួមប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសកាណាដា នាពេល ខាងមុខនេះ ដែលដឹកនាំដោយលោកគ្រូ
អ៊ឹង ផាត និងប្រតិភូដឹកនាំដោយ លោក អ៊ឹម គឹមស្រ៊ុន អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

កីឡាករជម្រើសជាតិកម្ពុជា សុខ ចាន់មាន បានគូសបញ្ជាក់ទៀតថា សម្រាប់ការចូលរួម ប្រកួតនៅក្នុងកម្រិតពិភពលោកឆ្នាំ២០១៨នេះ មិនហ៊ានសន្យាពីក្តីរំពឹងខ្ពស់ពេកនោះទេ ក្នុង ការប្រជែងដល់មេដាយយកមកជូនជាតិ ដោយសារកីឡាករមកពីបណ្តាប្រទេសនានា ជុំវិញពិភពលោកសុទ្ធសឹងជាកីឡាករខ្លាំងៗ។

ប៉ុន្តែទោះយ៉ាងនេះក្តីក៏ ម្ចាស់មេដាយមាសដែលធ្លាប់ ជោគជ័យយ៉ាងត្រចះត្រចង់កាលពីឆ្នាំ២០១៦រូបនេះបានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពី លទ្ធភាពដែលខ្លួនមាន ដើម្បីដណ្តើមបាននូវលទ្ធផលដ៏គាប់ប្រសើរមកជូនជាតិ។

សូមរម្លឹកថា កីឡាករ សុខ ចាន់មាន គឺជាម្ចាស់មេដាយមាសជើងឯកពិភពលោក កាលពីឆ្នាំ២០១៦ លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសម៉ាដាហ្កាស្កា និងជាម្ចាស់មេដាយ សំរឹទ្ធិ កាលពីឆ្នាំ២០០៤​ នៅប្រទេសបារំាង លើវិញ្ញាសា ៣នាក់ ទល់៣នាក់ ជាមួយនឹង មិត្តរួមក្រុម២ នាក់ទៀត។

កីឡាករ សុខ ចាន់មាន ក៏ធ្លាប់ជោគជ័យក្នុងការស្វែងរកមេដាយ មកជូនជាតិដែរ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ កម្រិតអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នាពេលកន្លងមកផងដែរ៕

ដោយ ហេង ណាលីន