ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ចាប់ផ្តើមបញ្ជូនសម្ភារៈបម្រើការបោះឆ្នោតទៅតាមមណ្ឌលរាជធានីខេត្ត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចាប់ផ្តើមបញ្ជូនសម្ភារៈបម្រើការបោះឆ្នោតទៅតាមមណ្ឌលរាជធានីខេត្តជាបណ្តើរៗហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅសល់ពេលតែ១១ថ្ងៃទៀត នឹងត្រូវមកដល់។

លោក ហ៊ឺ រ៉ុង ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានប្រតិបត្តិការគ.ជ.ប នៅថ្ងៃទី១៨ ខែកក្កដានេះ បានឱ្យដឹងថា សម្ភារៈបម្រើការបោះឆ្នោតទៅតាមមណ្ឌលរាជធានីខេត្តមុនដំបូងគេនេះមាន៖ សន្លឹក ឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបលាងមិនជ្រះ និងត្រាសម្ងាត់។ លោកបញ្ជាក់ថា សម្ភារៈបម្រើការបោះឆ្នោតទាំង៤មុខនេះ ត្រូវបានដឹកទៅដល់ខេត្តចំនួន១១តាំងពីល្ងាចថ្ងៃទី១៧ ខែកក្កដាមកម្លេះ។ ខេត្តទាំងនោះមាន៖ កំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។

ចំណែក ខេត្តដែលនឹងត្រូវបញ្ជូនសម្ភារៈបម្រើការបោះឆ្នោតទាំង៤មុខខាងលើនេះ នៅថ្ងៃទី១៩ ខែកក្កដាស្អែកបន្តទៀតមាន៖ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប។ រីឯ រាជធានីភ្នំពេញ នឹងដឹកចេញចុងក្រោយគេនៅថ្ងៃទី២០ ខែកក្កដា។

យោងតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានកំណត់ឱ្យ គ.ជ.ប ត្រូវធានាថា រាល់សម្ភារៈ ឯកសារបោះឆ្នោត ត្រូវតែបានបញ្ជូន និងប្រគល់ដល់គណៈកម្មការការិយាល័យបោះឆ្នោតមិនឱ្យលើស៣៦ម៉ោង មុនថ្ងៃបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ នឹងត្រូវដឹកតាមរថយន្ត និងឧទ្ធម្ភាគចក្រ ជាមួយការការពារពីកម្លាំងសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា សន្លឹកឆ្នោត និងសម្ភារៈ បានទៅដល់ការិយាល័យបោះឆ្នោត ដោយគ្មានឧបសគ្គដល់ដំណើរការបោះឆ្នោតដែលចាប់ផ្តើមឡើងតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕