ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្ទះ​ពលរដ្ឋ ៣៥៦​ខ្នង និង​ដំណាំ​ស្រូវ ៦៨​ហិក​តា

AKP ខេត្តកោះកុង ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –ប៉ុន្មានថ្ងៃកន្លងមកនេះភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា បណ្តាល​ឱ្យ​ជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣៥៦​ខ្នង​ ​ដំណាំ​ស្រូវ​ នៅ​ស្រុក​ចំនួន​៣ ក្នុង​ខេត្តកោះកុង គិត​ត្រឹម​ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ។ 

អាជ្ញាធរដែនដីបានឱ្យដឹងថា ជំនន់ទឹកភ្លៀងដែលបានជន់លិចនៅស្រុក​ចំនួន​៣ នោះរួមមាន៖​ ​ស្រុក​ថ្មបាំង​លិច ឃុំ​ជី​ផាត មាន​ភូមិ​ចំនួន​៣ ជំនន់ទឹកភ្លៀងបានជន់​លិច​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន ៣២១​ខ្នង សាលារៀន​ចំនួន ១​ខ្នង ខូចខាត​ដំណាំ​ស្រូវ ៦៨​ហិក​តា​​ ស្រុកស្រែ​អំបិល ឃុំ​ដង​ពែង មាន​ភូមិ​ចំនួន​១ ជំនន់ទឹកភ្លៀងបានជន់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣៥​ខ្នង​ និង ស្រុក​កោះកុង​ ឃុំ​តា​តៃ​ក្រោម និង​ឃុំ​ត្រពាំងរូង ជំនន់ទឹកភ្លៀងបានជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ និង ​ផលដំណាំ​មួយចំនួន​។​

លោកជំទាវ មិថុនា ភូ​ផង អភិបាលខេត្ត​កោះកុង បាន​ដឹកនាំ​កម្លាំង ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​សង្គ្រោះ និង ​ជម្លៀស​ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និង សត្វពាហនៈ ទៅកាន់​ទីទួល​សុវត្ថិភាពបានទាន់​ពេលវេលា ​៕

ដោយ​ ណយ នឿន