ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរធនធានទឹករាជធានី សុំឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន ការហក់ឡើងចំពោះទឹកទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ ៖រូបភាព លោក ចន ណារិទ្ធ

មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ សុំឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងអ្នករស់នៅតាមតំបន់ទំនាបនានា ចូរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បី ចូររួមបង្ការការពារគ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ ព្រោះ លំហូរ នៃទឹកទន្លេមេគង្គ កំពុងមានសន្ទុះហក់ឡើងយ៉ាងគំហុក។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពជំនន់ទឹកទន្លេមេគង្គ មានសន្ទុះហក់ឡើងយ៉ាងគំហុក នាប៉ុន្មានថ្ងៃចុងក្រោយនេះ គួរឲ្យមានការព្រួយបារម្មណ៏ មន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចទន្លេសាប ទន្លេបាសាក់ និងអ្នករស់នៅតាមតំបន់ទំនាបនានា ក្នុងភូមិសាស្រ្តរាជ ធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បី បង្កាការពារគ្រោះថ្នាក់កើតឡើងជាយថា ហេតុ ព្រោះស្ថានភាពទឹក នាពេលនេះ កំពុងបន្តហក់ឡើង។ លោកបន្តថា អនុវត្តតាម ការណែនាំពី ក្រសួងធនធានទឹក លើវិធានការការពារ ក៏ដូចការផ្សព្វផ្សាយ អំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមរាជធានី ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌមួយចំនួន ដែលមានប្រជាជនរស់នៅតាមដងទន្លេ សុំឲ្យជួយផ្សព្វផ្សាយបងប្អូន អំពីស្ថានភាពជំនន់ទឹក ទន្លេមេគង្គនេះ ដើម្បីមានវិធានការការពារ ទ្រព្យសម្បត្តិ អាយុជីវិតកូន ចៅ និងសត្វធាតុបង្ការទុក ជាមុនបានទាន់ពេល។

សូមបញ្ជាក់ថា៖ តាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលក្រសួងធនធានទឹកនិងឧតុនិយមប្រកាស កាលពីថ្ងៃទី១៦ខែ កក្កដា បានបានព្យាករណ៍ថា ទឹកទន្លេមេគង្គបាន ហក់ឡើង ដោយសារនៅប្រទេសឡាវ និងថៃកំពុងទទួលរងនូវប្រព័ន្ធសម្ពានទាប មានភ្លៀងធ្លាក់ យ៉ាងខ្លាំង ទើបធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង និងជះឥទ្ធិពលដល់កម្ពុជា។ ក្រសួងបញ្ជាក់ថា បន្ទាប់ពី តាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះរួចមក ក្រសួង ក៏បានជូនដំណឹង ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានដឺង ពីឥទ្ធិពលរបស់ប្រព័ន្ធ សម្ពាធទាប ដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រ ទេស ថៃ និងប្រទេសឡាវ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងដូច្នេះ។ ក្រសួងបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេល២ ឬ៣ថ្ងៃ ខាងមុខនេះ ទឹកទន្លេមេគង្គលើ ក្នុងប្រទេស កម្ពុជា នឹងហក់ឡើង ហើយចាប់ផ្តើម ហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសង ខាងទន្លេមេគង្គលើ៕