ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរភ្នំពេញ ត្រៀមទៀនវស្សានិងទេយ្យប្រគេនព្រះសង្ឃ ១៥០វត្តទូទាំងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ បុណ្យចូលព្រះវស្សាក៏ជាបុណ្យដ៏ធំមួយដែលអាចចាត់ទុកថា ជាបុណ្យដែលមានសារៈសំខាន់ណាស់នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាក៏បាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេង ៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និង ប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា ។ ពិធីបុណ្យចូលកាន់ព្រះវស្សាសម្រាប់ឆ្នាំនេះ មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ ។

ជាក់ស្តែងនៅសល់តែងជាង១០ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលកាន់ព្រះវស្សានឹងឈានចូលមកដល់ ។ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណរួចជាស្រេច ដើម្បីនាំទៀនវស្សា ប្រេងកាត បច្ច័យ និងទេយ្យវត្ថុមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៥០វត្តទូទាំង រាជធានីភ្នំពេញ ។

ទៀនវស្សា ប្រេងកាតនិងទេយ្យវត្ថុមួយចំនួន ត្រូវ បានដឹកបញ្ជូនយកទៅរក្សាទុកនៅរដ្ឋបាលរាជធានីភ្នំពេញអស់ហើយ មុននឹងនាំយកទៅប្រគេនដល់ព្រះសង្ឃ ដែលត្រៀមគង់ចាំព្រះវស្សានៅទាំងអស់នៅក្នុង ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការណែនាំពី អភិបាលរាជធានីភ្នំពេញ ទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនទៀត រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមប្រគល់បន្តទៅអោយខណ្ឌទាំង១២ ដើម្បីយកទៅប្រគេនដល់វត្តនីមួយៗនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺបញ្ជូនទៅតាមខណ្ឌឲ្យបានមុនល្ងាចថ្ងៃទី១៧ កក្កដានេះ ។ មន្ត្រីដដែល បានបន្តថា សម្រាប់មួយវត្ត ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកានចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស និងឧបត្ថមសហគមក្មេងវត្តចំនួន៥លានរៀលផងដែរ ៕