ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរកម្ពុជា​ បញ្ជូនជនជាតិចិន៥នាក់ទៅប្រទេសចិនវីញ​ ខណៈ​ដែល​ពួកគេបានបង្ករហឹង្សាប៉ះពាល់ដល់សន្តិសុខសង្គម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ជួន បូណា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា​ បានបញ្ជូនជនជាតិចិន៥នាក់ទៅប្រទេសចិនវិញ ខណៈ​ដែល​ពួកគេបានបង្ករហឹង្សាប៉ះពាល់ដល់សង្គមកម្ពុជា​ ដើម្បីរក្សាសន្ដិសុខសណ្ដាប់ធា្នប់នៅក្នុងប្រទេស ។

ក្នុងសន្និសីទកាសែតបង្ហាញមុខ មុននឹងបណ្តេញចេញជនជាតិចិន ចំនួន៥នាក់ ពីព្រះរាជាណាចក្រកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតបឭវិញ ក្រោយពីជនជាតិចិនទាំង៥នាក់នោះ បង្កហិង្សាដោយចេតនា អុកឡុក បង្កើតឲ្យមានភាពចលាចល ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨កន្លងមក នៅខេត្តព្រះសីហនុ ឯកឧត្តម​ អ៊ុក​ ហៃសីឡា​ ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានមានប្រសាសន៍ថា ជនជាតិចិនទាំង៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចស្នងការខេត្តព្រះសីហនុចាប់ខ្លួនបាន បន្ទាប់ពីពួកគេបង្កការអុកឡុក ដោយចេតនា ខូចខាតទាំងទ្រព្យសម្បត្តិសណ្តាប់ធ្នាប់ ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុ ប្រគល់ឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ជូនពួកគេទៅប្រទេសចិនវិញ​ ។ឯកឧត្ដម​បន្តថា ជនជាតិចិនទាំង៥នាក់នេះ ក្រោយពីបណ្តេញចេញឲ្យវិលទៅប្រទេសដើមវិញ ហើយមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីទៀតឡើយ ។

ឯកឧត្តម​បានបញ្ជាក់ថា​ កម្ពុជាស្វាគមន៍​ តែជនបរទេសដែលមានចរឹកស្លូតបូត​ សុចរិត​ ទៀងត្រង់​ គឺត្រូវបានអនុញ្ញាត្ដិអោយស្នាក់នៅ​ និងធ្វើការបានដោយសេរីផងដែរ។

ឯកឧត្ដម​ក៏​បាន អំពាវនា​វឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មាន រាល់ជនបរទេសដែលលួចស្នាក់នៅ និងប្រព្រឹត្តបទល្មើស មកសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើស របស់ជនបរទេសទាំងនោះ។

សូមបញ្ជាក់ថា​ រយៈពេល​ដើមឆ្នាំ២០១៨​ដល់ពេលបច្ចុប្បន្ននេះ​ កម្ពុជាបានបញ្ជូនបរទេសមានចំនួន​ ៦៦៧នាក់​ ក្នុងនោះ​ស្រី១២៥នាក់៕