ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុម Khmer United បន្តយកឈ្នះឡើងវិញ ក្រោយស្មើ២ប្រកួតជាប់ៗគ្នា ព្រឹត្តិការណ៍ Khmer Real Estate League 2018

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨–ក្រុម Khmer United ដែលដឹកនាំដោយស្ថាបនិកព្រឹត្តិការណ៍ Khmer Real Estate League លោក គីម ហ៊ាង បានយកឈ្នះលើគូប្រកួតរបស់ខ្លួនឡើងវិញ នាជំនួបសប្តាហ៍ ទី១៣ ដោយក្រុមមិនដែលស្គាល់ចាញ់មួយនេះរក្សាបាននៅលើកំពូលតារាងដដែល ខណៈក្រុម ខ្លាំងៗមួយ ចំនួនកំពុងប្រដេញពិន្ទុគ្នាយ៉ាងស្វិតស្វាញ។

ក្រុម Khmer United ដែលរកបាន៣ពិន្ទុបន្ថែម នៅសប្តាហ៍ទី១៣នេះគឺបានយកឈ្នះក្រុម Mambo PP ដោយលទ្ធផល ៤ទល់២។

ជាមួយនឹង១៣ប្រកួតរបស់ Khmer United ឈ្នះ១១ប្រកួត និងស្មើ២ប្រកួត មិនដែល ចាញ់ មាន៣៥ពិន្ទុ ខណៈលេខ២គ្រប់គ្រង ដោយក្រុម AVATA FC មាន៣៤ពិន្ទុ, លេខ៣ ក្រុម Bayon Wander-ers មាន៣៣ពិន្ទ និងលេខ៤គ្រងដោយក្រុម Blue Dragon ជាមួយនឹង៣០ពិន្ទុ។

លោក គីម ហ៊ាង ប្រធានក្លិប Khmer United និងជាស្ថាបនិកព្រឹត្តិការណ៍បាល់ទាត់ នេះធ្លាប់ថ្លែងថា ទោះបីជាក្រុមរបស់លោកឈរនៅលើកំ ពូលតារាងក៏ដោយ ក៏មិនទាន់កក់ ក្តៅនៅឡើយ ដោយសារក្រុមខ្លាំងៗនៅខាងក្រោមមានពិន្ទុប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ដូច្នេះក្តីសង្ឃឹមក្នុងការឡើងទៅគ្រងម្ចាស់ជើងឯក រដូវកាល២០១៨នេះ នៅតែជាឧបសគ្គ ធំនៅ ឡើយ ម្យ៉ាងទៀត Khmer United មិនទាន់បានជួបប្រកួតជាមួយក្រុមខ្លាំងៗនៅឡើយ។

គិតមកដល់សប្តាហ៍នេះ ក្នុង១ក្រុមៗនៅសល់តែ៦ប្រកួតនៅក្នុងដៃទៀតប៉ុណ្ណោះ នឹងត្រូវ បញ្ចប់ជាស្ថាពរ ហើយនៅសល់៦សប្តាហ៍ទៀត ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយ ជាក្រុមជើងឯកតែម្តង ខណៈ៤ក្រុមផ្សេងទៀត ដែលមានចំណាត់ថ្នាក់លេខ២ ដល់លេខ៥ នឹងត្រូវបានស្ថាបនិក លោក គីម ហ៊ាង លើកទឹកចិត្ត និងរៀបចំការប្រកួតពានរង្វាន់ មួយផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នេះដែរ។

គួររម្លឹកថា លទ្ធផលផ្សេងៗទៀត រួមមាន៖ ក្រុមទន្សោងឈ្នះយុវជនសង្កាត់ស្នោរ ៣-១, Blue Dragon ឈ្នះ កូនខ្មែរ ៣-០, វត្តកោះចាញ់ Giant FC ០-៣, បាសាក់ FC ស្មើជាមួយ Anvaya FC ៥-៥,​ Riel PP ចាញ់យុវជនកំពង់ចាម ៣ទល់៦, ក្រុមតាំងកោក ចាញ់ Bayon Wanderers ១ទល់៩, AVATA FC បំបាក់ ក្រុម V-Train ១៤ទល់០, Law FC ឈ្នះ HHK FC 9-0 ហើយអាណាចក្រTK ចាញ់ RFL ដោយលទ្ធផល ០ទល់៣៕

ដោយ ហេង ណាលីន