ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានប្រឆាំងនឹងការកាត់ឱ្យលោកជាប់ពន្ធនាគារ១០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ –សេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយពីថ្ងៃចន្ទថា អតីត នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណា វ៉ាស់ សារីហ្វ ( Nawaz Sharif ) ដែលគេកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ នៅខែនេះ ក្នុងករណីនៃអំពើពុករលួយមួយនោះ បានប្រឆាំងនឹងការផ្តន្ទាទោសលោក នឹងបានស្វែងរក ការព្យួរសាលក្រមជាប់ពិរុទ្ធនេះ ។

តុលាការប្រឆាំងអំពើពុករលួយមួយ ក៏បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំផងដែរ ចំពោះកូនស្រីលោក សារីហ្វ ឈ្មោះ ម៉ារីយ៉ាម ណាវ៉ាស់ ( Maryam Nawaz ) លើបទចោទប្រកាន់ដែលទាក់ទងដល់ផ្ទះល្វែង យ៉ាងប្រណិតចំនួន៤នៅ ក្នុងទីក្រុងឡុង ។

អ្នកទាំងពីរបានត្រឡប់មកកាន់ប្រទេសប៉ាគីស្ថានវិញពីទីក្រុងឡុងកាលពីថ្ងៃសុក្រ ។ អ្នកទាំងពីរ បច្ចុប្បន្នស្ថិតនៅ ក្នុងពន្ធនាគារ Adiyala ក្នុងទីក្រុងរ៉ាវ៉ាល់ពិនឌី ក្បែររដ្ឋធានីអ៊ីស្លាម៉ាបាដ ដែលនៅទីនោះ អ្នកទាំងពីរនឹងប្រឈម មុខនឹងការកាត់ទោស នៅក្នុងករណីអំពើពុករលួយ២ទៀត ។

លោក សារីហ្វ ត្រូវបានគេចោទប្រកាន់ពីបទមានទ្រព្យសម្បត្តិហួសពីប្រាក់ចំណូលរបស់លោក ។ តែយ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រី៣អាណត្តិនេះថា មាន ហេតុផលខាងនយោបាយ ។ លោកក៏ត្រូវបានគេកាត់ឱ្យជាប់ពន្ធនាគារមួយឆ្នាំផងដែរ ពីបទមិនធ្វើកិច្ច សហប្រតិបត្តិការជាមួយការិយាល័យ ទទួលខុសត្រូវថ្នាក់ជាតិ (NAB)ជាអង្គការប្រឆាំងអំពើពុករលួយរបស់ ប៉ាគីស្ថាន ។ កូនប្រសារប្រុសរបស់ លោក ក៏ត្រូវបានគេកាត់ ទោសជាប់ពន្ធនាគារមួយឆ្នាំផងដែរ ពីបទលើកទឹក ចិត្តឱ្យប្រព្រឹត្តអំពើនេះ ។

ពួកមេធាវីរបស់លោក សារីហ្វ បានដាក់បណ្តឹងទាមទារនៅក្នុងតុលាការជាន់ខ្ពស់ ក្រុងអ៊ីស្លាម៉ា-បាដ ដែលស្វែងរក ឱ្យ លោក ណាវ៉ាស់សារីហ្វ រួចខ្លួន ព្រមទាំងបោះបង់ចោលការចោទប្រកាន់ទាំងអស់ ដែលបង្កើតឡើងប្រឆាំងនឹងលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)