ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីចិនជួបមេដឹកនាំ EU

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ –ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) បានជួបប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ទូស ( Donal Tusk ) និងប្រធានគណៈកម្មការអែរ៉ុប លោក ហ្សង់ – ក្លូត ជុន គ័រ ( Jean –Claude Juncker ) កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានភាពជាដៃគូកាន់តែជិតស្និទ្ធថែមទៀតរវាងចិន និង សហភាពអឺរ៉ុប ( EU ) ។

លោក ស៊ី បាននិយាយនៅពេលជួបជាមួយលោក ទូស និងលោក ជុនគ័រ នៅឯផ្ទះភ្ញៀវរដ្ឋ Diaoyutai ក្នុងក្រុងប៉េកាំងថា ចិន និង EU ទាំងពីរ គឺជាអ្នកកសាងសន្តិភាពពិភពលោក , ជាអ្នករួមចំណែកដល់ការអភិវឌ្ឍជាសកល ព្រមទាំងជា អ្នកការពារបទបញ្ជាអន្តរជាតិ ។

លោក ស៊ី បាននិយាយថា ចិនត្រៀមខ្លួនធ្វើការជាមួយ EU លើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក , ត្រឹមត្រូវ និង យុត្តិធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីធ្វើឱ្យមានការជឿនលឿន ថែមទៀតនៅក្នុងភាពជា ដៃគូយុទ្ធសាស្ត្រចិន – EU ដ៏ទូលំទូលាយ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទ្វេភាគីព្រមទាំង សុខុមាលភាព របស់ប្រជាជន ។

ដោយសាទរនូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ EU-ចិន នោះ លោក ទូស និង លោក ជុន គ័រ បានសំដែងការដឹងគុណដល់ការគាំទ្ររបស់ចិន សម្រាប់ការធ្វើសមា- ហរណកម្មអឺរ៉ុប ។ លោកទាំងពីរបាននិយាយ ថា EU មានឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ព្រមទាំងបង្កើនការទាក់ទងនឹងការសម្របសម្រួលជាមួយចិន នៅក្នុងកិច្ចការអន្តរជាតិ ។

តាមមេដឹកនាំ EU ឱ្យដឹងថា ទាំង EU នឹងទាំងចិន បានសន្យាចំពោះលទ្ធិពហុភាគីនិយម ,ធ្វើតាមបទបញ្ជាអន្តរជាតិ ដែលផ្នែកលើច្បាប់, ដោះស្រាយទំនាក់ទំនងអន្តរជាតិលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ព្រមទាំងធ្វើឱ្យ ល្អប្រសើរប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី តាមរយៈការពិគ្រោះយោបល់ពហុភាគី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )