ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប អះអាងថា ទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតមិនប៉ះពាល់ដល់ខុសភាពឡើយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូប ដោយ៖ លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតមិនប៉ះពាល់ដល់ខុសភាព និងអាចលាងជ្រះទៅវិញក្នុងអំឡុងពេលបោះឆ្នោតនោះឡើយ។

អំណៈអំណាងរបស់គ.ជ.ប ធ្វើឡើងជាការជម្រះមន្ទិលដល់សាធារណជនក្រោយពីមានពាក្យចចាមអារាមថា ទឹកថ្នាំជ្រលក់នេះអាចបង្កឱ្យស្លាប់ក្រោយពេលជ្រលក់ម្រាមដៃ។

ថ្លែងក្នុងពិធីបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃពេលបោះឆ្នោត ជាសាធារណៈនៅថ្ងៃទី១៧ ខែកក្កដានេះ ឯកឧត្តម ហ៊ឺ រ៉ុង ទីប្រឹក្សាគ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ បានបញ្ជាក់ថា ទឹកខ្មៅដែលបញ្ជាទិញពីប្រទេសឥណ្ឌានេះ ត្រូវបានពិនិត្យទាំងពីគុណភាព និងស្តង់ដារអន្តរជាតិ ដើម្បីប្រាកដថា មិនប៉ះពាល់ដល់សុខភាព និងលាងជ្រះទៅវិញក្នុងពេលតែមួយ នៃថ្ងៃបោះឆ្នោត។

គ.ជ.បបានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃពីប្រទេសឥណ្ឌាក្នុងបរិមាណ៥១.០០០ដប ក្នុងតម្លៃជាង៨០ម៉ឺនដុល្លារអាមេរិក ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

គ.ជ.ប បានបង្ហាញពីប្រសិទ្ធ និងគុណភាពនៃទឹកខ្មៅជ្រលក់ដៃលាងមិនជ្រះនេនៅចំពោះមុខគណបក្សនយោបាយ សហគមន៍អន្តរជាតិ អង្គទូតប្រចាំនៅកម្ពុជា អង្គការ សមាគមជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន នៅសាលប្រជុំរបស់ក្រសួងមហាផ្ទៃ។

ទឹកខ្មៅជ្រលក់ដៃមិនជ្រះ ក្នុងអំឡុងពេលនេះ នឹងត្រូវបែងចែកតាមការិយាល័យបោះឆ្នោតនីមួយៗចំនួន២ដប។

គ.ជ.ប បានបង្កើនការិយាល័យបោះឆ្នោតនៅតាមឃុំសង្កាត់នៅទូទាំងប្រទេសរហូតដល់២២.៩៦៧ការិយាល័យ បន្ទាប់ពីចំនួនអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីជាង៨.៣៨០.២១៧នាក់។

កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ម្រាមដៃលាងមិនជ្រះពីប្រទេសឥណ្ឌា ក្នុងបរិមាណជាង៤៦.០០០ដប មានតម្លៃសរុបជាង៧៩ម៉ឺនដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ដល់ការបោះឆ្នោត បន្ថែមពីលើវិធានការដែលត្រូវពង្រឹងដូចជា៖ ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោត ជាមួយនឹងរូបថតពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ គូសធិចសញ្ញាសម្គាល់នៅលើបញ្ជីបោះឆ្នោត ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត៕