ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គុណភាពទឹកខ្មៅជ្រលក់ដៃពេលបោះឆ្នោត នឹងត្រូវបង្ហាញជាសាធារណៈនៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងធ្វើការបង្ហាញជាសាធារណៈអំពីប្រសិទ្ធ និងគុណភាពនៃទឹកខ្មៅជ្រលក់ដៃពេលបោះឆ្នោតនៅព្រឹកថ្ងៃស្អែកនេះ ដើម្បីប្រាកដថា មិនអាចលាងជ្រះនៅក្នុងពេលតែមួយនៃថ្ងៃបោះឆ្នោតនោះទេ។

គ.ជ.បបានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃពីប្រទេសឥណ្ឌាក្នុងបរិមាណ៥១.០០០ដប ក្នុងតម្លៃជាង៨០ម៉ឺនដុល្លារអាមេរិក ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ការបង្ហាញពីប្រសិទ្ធ និងគុណភាពនៃទឹកខ្មៅជ្រលក់ដៃលាងមិនជ្រះ នឹងធ្វើឡើងនៅចំពោះមុខគណបក្សនយោបាយ សហគមន៍អន្តរជាតិ អង្គទូតប្រចាំនៅកម្ពុជា អង្គការ សមាគមជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន នៅសាលប្រជុំរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមបានឱ្យដឹងថា ទឹកខ្មៅជ្រលក់ដៃមិនជ្រះ ក្នុងអំឡុងពេលនេះ នឹងត្រូវបែងចែកតាមការិយាល័យបោះឆ្នោតនីមួយៗចំនួន២ដប។

គ.ជ.ប បានបង្កើនការិយាល័យបោះឆ្នោតនៅតាមឃុំសង្កាត់នៅទូទាំងប្រទេសរហូតដល់២២.៩៦៧ការិយាល័យ បន្ទាប់ពីចំនួនអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីជាង៨.៣៨០.២១៧នាក់។

កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ម្រាមដៃលាងមិនជ្រះពីប្រទេសឥណ្ឌា ក្នុងបរិមាណជាង៤៦.០០០ដប មានតម្លៃសរុបជាង៧៩ម៉ឺនដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ដល់ការបោះឆ្នោត បន្ថែមពីលើវិធានការដែលត្រូវពង្រឹងដូចជា៖ ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោត ជាមួយនឹងរូបថតពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ គូសធិចសញ្ញាសម្គាល់នៅលើបញ្ជីបោះឆ្នោត ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត៕