ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តកំពង់ចាមចុះពិនិត្យការរដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅស្ទឹងត្រង់-ក្រូចឆ្មារ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ៖លោក ចន ណារិទ្ធ

ឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨​ បានអញ្ជើញ​ទៅ​ពិនិត្យ សំណង់ការរដ្ឋានកំពង់សាងសង់ស្ពានកាត់ទន្លេ​មេគង្គ   ពីស្រុកស្ទឹងត្រង់​ខេត្តកំពង់ចាម​ទៅស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលកំពង់ដំណើរការយ៉ាងរលូនទាំងជើងស្ពាន  សរសរស្ពាននៅ​ក្នុងទន្លេនិងទាំងក្បាលស្ពាន ដោយមានសាងសង់ផ្លូវក្វាត់ខ្វែង។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គពី​ស្រុកស្ទឹងត្រង់ខេត្ត​កំ​ពង់​​​ចាម​ទៅស្រុក​ក្រូច​ឆ្មារ ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ខែកុម្ភៈ​ឆ្នាំ​២០១៨  ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី​តេជោហ៊ុនសែន​នាយក​រដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រកម្ពុជា ។

ស្ពាននេះមានបណ្តាយ ១.១៣១ម៉ែត្រ និងទទឹង១៣.៥ម៉ែត្រជា​ប្រភេទស្ពាន​បេតុង​សរសៃដែក គ្រោង​​​ចំណាយថវិកាសរុប៥៦លាន​ដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទាន​សម្បទាន   បាន​មក​ពីរដ្ឋាភិ​បាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាល​កម្ពុជា​​​​សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោ​ស​សំ​អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ   ដែលមានទីតាំងឋិត​នៅត្រង់ចំណុច​ភូមិ​បឹងដែង ឃុំព្រែកកក់ស្រុក​ស្ទឹងត្រង់ខេត្តកំ​ពង់ចាមឆ្លង​កាត់​ទន្លេ​មេគ​ង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។
ការស្ថាបនាស្ពាននេះ រយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោង​បញ្ចប់​ការ​សាង​សង់នៅដើមឆ្នាំ២០២១ ដែល​ជាស្ពានទី៥ឆ្លងកាត់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕