ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមិទ្ធិផលក្នុងរយៈ​ពេល៥ឆ្នាំលើការងារអភិវឌ្ឍន៏​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគមនាគមន៍របស់រាជ​រដ្ឋាភិ​បាល​​​​នី​តិ​កាល​​​ទី៥

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុខរិន ៖ រូបថត លោក ចន ណារិទ្ធ

ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវគមនាគមន៍ ត្រូវបានចាត់ទុកជាសរ សៃ​ឈាមសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រទេសជាតិ មិនត្រឹមតែបានសម្រួលដល់ការធ្វើដំណើរ និង​ការ​​​ដឹកជញ្ជូនទំនិញឲ្យកាន់តែមានភាពឆាប់រហ័ស និងមានភាពងាយស្រួល ក្នុងការទំនាក់ទំនង​ទំាងនៅក្នុងប្រទេស និងភ្ជាប់ជាមួយបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ និងអន្តរជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាពិសេសផ្លូវគមនាគមន៍ បានបង្កើន​ផ្នែក​សុវត្ថិភាពកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលធ្វើចរាចរណ៍ថែមទៀតផង ។ដោយសារ​តែវិស័យ​ផ្លូវ​គម​នាគមន៍នេះមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ឲ្យកាន់តែមានភាព​ប្រសើរ​ឡើង​​​ជាបន្ដបន្ទាប់នោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្លូវ គមនាគមន៍ គឺជាវិស័យមួយដែល​មានអាទិភាពចម្បងបំផុតស្ថិតនៅក្នុងមុំទី២  ក្នុងចំណោម វិស័យផ្សេងៗទៀតក្នុងយុទ្ធសាស្រ្ត​ចតុ​​​កោណដំណាក់កាលទី៣ នីតិកាលទី៥ ដូចជា វិស័យធនធានមនុស្ស ផ្លូវទឹក និងភ្លើង។ ដើម្បី​​​ឆ្លើយតបទៅនឹងគោលដៅអាទិភាព ដែលកំណត់នៅ ក្នុងយុទ្ធសាស្រ្តចតុកោណដំ​ណាក់​កាលទី​៣​ក្រសួងសាធារណការនិងដឹកជញ្ជូនបាននឹងកំពុង ធ្វើការកែទម្រង់ការងារសំខាន់ៗមួយចំនួន រួមទំាងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដូចជា ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក សំដៅ​ធ្វើ​យ៉ាងណាសំរួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានសន្ទុះយ៉ាងខ្លាំងដោយ​សារ​​​តែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើវិស័យផ្លូវថ្នល់ និងមានការជួយគាំទ្រពី​ដៃគូអភិ​វឌ្ឍន៍​ជាច្រើនរួមមាន ប្រទេសជប៉ុន, ចិន, កូរ៉េ, ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភព​លោក​ជាដើម។
ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងសាង​សង់ផ្លូវដែល​មាន​គុណ​ភាព និងមានសុវត្ថិភាពនៅទូទាំងប្រទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូន​របស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា។
ជាលទ្ធផលក្នុងរយៈពេល៥ឆ្នាំ នៃអណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ ក្រសួងសាធា​រណ​ការនិងដឹកជញ្ជូនបានសម្រេចការងារជំនាញសំខាន់ៗជាច្រើន ក្នុងនោះការងារស្តារនិងស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងបានអភិវឌ្ឍន៍ ផ្លូវជាតិកម្រិត១បានចំនួន៩ខ្សែ ដែលមាន​ប្រវែង​ជាង ២ ២៥៣ គីឡូម៉ែត្រ  ផ្លូវជាតិកម្រិត២មានចំនួន៦៦ខ្សែ មានប្រវែងសរុប ជាង៥០០០គីឡូ​ម៉ែត្រ ដែលក្នុងនោះមានចាក់កៅស៊ូ និងចាក់បេតុង។ ផ្លូវខេត្តមានចំនួន៣៣៨ខ្សែ មានប្រវែង​ជាង​​៨ ១១៤គីឡូម៉ែត្រ ជាប្រភេទផ្លូវចាក់កៅស៊ូ។ ជារួមទំាងផ្លូវជាតិ និងផ្លូវខេត្ត មកដល់​បច្ចុប្បន្ន​នេះ មានប្រវែងសរុបជាង១៥ ៣៧៦គីឡូម៉ែត្រ  ដែលក្នុងនោះផ្លូវចាក់កៅស៊ូ  និងបេតុង មានប្រ​វែងជាង៧ ៣០០គីឡូម៉ែត្រ ស្មើនឹងជាង៤៨ភាគរយនៃប្រវែងផ្លួវសរុប។

ជាមួយគ្នានេះ គម្រោងធំៗ​ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ​ដៃគូអភិវឌ្ឍន៍ រយៈ​​​​ពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានហិរញ្ញប្បទានសហប្រតិបត្តិ ការអន្តរ​ជាតិមានចំនួន៥៣គម្រោង ដែលមានប្រវែងសរុបជាង៣ ១៤៧គីឡូម៉ែត្រ និងថវិកា សរុបជាង២​លាន១ម៉ឺន៥ពាន់៥០០ដុល្លាអាមេរិក ក្នុងនោះ ៤០គម្រោងបានអនុវត្តបញ្ចប់រួច រាល់ ដែលមាន​ប្រវែងជាង២១៧៧គីឡូម៉ែត្រ និងកំពុងដំណើរការមាន១៣គម្រោង មានប្រវែង ៩៦៩គីឡូ​ម៉ែត្រ​។  ចំណែកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានដែលបានបញ្ចប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ​២០១៧រាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជា​មានិត​ចិន មានផ្លូវចំនួន១៥គម្រោង ដែលមានប្រវែងជាង១២៩៦គីឡូម៉ែត្រនិងស្ពានធំៗចំនួន​៤គម្រោង ដែល​មាប្រវែង៣៧២០ម៉ែត្រ។ប្រទេសជប៉ុនមានផ្លូវចំនួន២គម្រោងមានប្រវែងជាង​១១គីឡូ​ម៉ែត្រ​ និងស្ពានធំៗចំនួន១កន្លែង មានប្រវែងជាង២២១៥ ម៉ែត្រ  ប្រទេសកូរ៉េមានចំនួន៣​គម្រោង​​​មាន​ប្រវែងផ្លូវ១៩០គីឡូម៉ែត្រ  ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី មានចំនួន១៤គម្រោង មានប្រវែងជាង​ផ្លូវ​​៦៧០គីឡូម៉ែត្រ និងប្រទេសវៀតណាមមានគម្រោងចំនួន​១គម្រោងស្ពាននិង​ផ្លូវតភ្ជាប់មាន​ប្រវែងជាង៣គីឡូម៉ែត្រ។

រីឯផ្លូវជាតិដែលបញ្ចប់ការសាងសង់ពង្រីកជា៤គន្លងផ្លូវ មាន ផ្លូវជាតិលេខ១ ពីស្ពាន ព្រះមុនីវង្ស​ដល់វត្តក្តីតាកុយប្រវែងជាង៤គីឡូម៉ែត្រ​  ផ្លូវជាតិលេខ៣ពីចោមចៅ ទៅឃ្លាំង ថៃប៊ុនរ៉ុង​មានប្រ​វែង​​​ជាង២គីឡូម៉ែត្រ ផ្លូវជាតិលេខ៤ពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺមានប្រវែង ជាង ៤៦គីឡូម៉ែត្រ  ផ្លូវ​ជាតិលេខ៥ ពីភ្នំពេញទៅដល់ស្ពានព្រែកក្តាមមានប្រវែង៣១គីឡូម៉ែត្រ និងផ្លូវជាតិលេខ​៦ពី​ភ្នំពេញទៅដល់ស្គន់មានប្រវែង៦៩គីឡូម៉ែត្រ។ ជាសរុបផ្លូវ៤គន្លងមាន ប្រវែង១៥២គីឡូម៉ែត្រ។ ចំណែកផ្លូវជាតិ ដែលកំពុងពង្រីកជា៤គន្លងបន្ថែមទៀត មាននៅលើផ្លូវជាតិលេខ៥ពី​ព្រែក​​​​​​​ក្តាម​ទៅក្រុងសេរីសោភណ្ឌ័ខេត្តបន្ទាយមានជ័យនិងផ្លូវជាតិលេខ៣ ពីចោមចៅ ដល់ខេត្តកំពត។
ដោយឡែក សម្រាប់សមិទ្ធិផលការងារ និងថវិកាលើការងារ ថែទំា ជួសជុល និងសាងសង់​ផ្លូវ​ថ្នល់ក្នុងក្របខណ្ឌថវិកាជាតិ សម្រាប់ឆ្នាំ២០១៣ ដល់២០១៧ ការថែទំាប្រចាំក្រាលកៅ ស៊ូបាន​ប្រវែងជាង៤១ ៨១៥គីឡូម៉ែត្រ ដីក្រហមមានប្រវែងជាង១៦ ៥៧៣គីឡូម៉ែត្រ ថែទំាខួបក្រាល​កៅ​ស៊ូមានប្រវែងជាង១០៨០គីឡូម៉ែត្រ និងសាងសង់ថ្មីបានប្រវែង១៩៦៧គីឡូម៉ែត្រ ដោយ​បាន​ចំណាយថវិកាសរុបជាង៤.៥៩៤.៤០០ពាន់លានរៀល ស្មើនឹងជាង១១៣៤ លានដុល្លារ។

ចំណែកការងារផ្លូវដែកមកដល់ពេលនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យ ដំណើរការផ្លូវ​ដែក​មេ​​កម្ពុជាចំនួន២ខ្សែ ភាគខាងជើងនិងភាគខាងត្បូង បន្ទាប់ពីបានជួសជុល កែលម្អរួច ក្នុង​គោល​​​​​បំណងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញទំាងក្នុងប្រទេសផង និងតភា្ជប់ការដឹកជញ្ជូន​ទ្រង់​ទ្រាយធំរវាងប្រទេសកម្ពុជានិងប្រទេសថៃ និងជាចំណែកមិនអាចខ្វះ បានសម្រាប់ផ្លូវដែកអាស៊ី ពីសឹង្ហបុរី គន់មិញ។គម្រោងផ្លូវដែកដ៏ធំមួយនេះ​សម្រាប់ជាឈ្នាន់ដល់​ការធ្វើសាកលភាវូប​នីយ៍​កម្ម​​​​​សេដ្ឋកិច្ចតំបន់អាស៊ី  ដោយភ្ជាប់ពីប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ថៃ ហើយឆ្លងកាត់កម្ពុជាឆ្ពោះ​ទៅប្រទេសវៀតណាម រហូតដល់ប្រទេសចិន។
ដើម្បីជំរុញវិស័យដឹកជញ្ជូនផ្លូវដែកអោយបានដំណើរការប្រកបដោយប្រក្រតីឡើងវិញ ប្រកប​ដោយនិរន្តរភាព ចីរភាព ទំនើបកម្ម រាជរដ្ឋាភិបាលបានធ្វើសម្បទានកម្មផ្លូវដែកទំាង២ ខ្សែនេះ​ឲ្យ​ទៅវិស័យឯកជនជាអ្នកគ្រប់គ្រងនិងប្រតិបត្តិការក្នុងនោះផ្លូវ​ដែកពីភ្នំពេញទៅកំពង់ផែស្វយត័​ខេត្តព្រះសីហនុបានដាក់អោយដំណើរការឡើងវិញកាលពីឆ្នាំ២០១៣  ហើយផ្លូវដែកពីភ្នំពេញ​ទៅ​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យព្រំដែនកម្ពុជា-ថៃ​បានដាក់អោយដំណើរការប្រើប្រាស់​ឡើង​វិញកាល​ពីដើមខែកក្កដា កន្លងទៅនេះ។​
រីឯការងារអភិវឌ្ឍន៍ផ្លូវលំជនបទវិញ បើយោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជន​បទ​បានបង្ហាញថា ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំជំរុញការកាត់បន្ថយភាពក្រីក្រតាម តំបន់​ជន​បទ ដោយបានតភ្ជាប់បណ្តាញផ្លូវជនបទគ្រប់ច្រកល្ហក់ពីទីក្រុងទៅតំបន់ជនបទ។ ក្រសួង​បាន​កែ​លម្អផ្លូវជនបទពីក្រាលគ្រួសក្រហមមកជាផ្លូវក្រាលកៅស៊ូ២ជាន់និងបេតុង ដើម្បីធានា​ការប្រើ​ប្រាស់យូរអង្វែង និងមានសុវត្ថិភាពក្នុងការធ្វើដំណើរនិងការដឹកជញ្ជូនទំ និញរបស់ប្រជាពល​រដ្ឋ​ពីជនបទមកទីប្រជុំជន។

ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ក្រសួងអភិវឌ្ឍន៍ជនបទបាន​ជួស​ជុលផ្លូវជនបទ ថែទំាផ្លូវជនបទ ជាលក្ខណៈខួបនិងជាប្រចាំមានប្រវែងរហូតដល់ជាង៨ ៦១៩ ៩៩៤គីឡូម៉ែត្រ។ សាងសង់ផ្លូវថ្មីនិងពង្រីកផ្លូវថ្មី មានប្រវែងជាង២២៧៧គីឡូម៉ែត្រ។ ការកែលម្អ​ពីផ្លូវក្រាលគ្រួសក្រហមទៅផ្លូវកៅស៊ូ២ជាន់មានប្រវែង១ ៦៤៩ ៥៦៨គីឡូម៉ែត្រ ។

របាយការណ៍ បានរំលេចអោយដឹងដែរថា សមិទ្ធិផលធំៗផែ្នកហេដ្ឋរចនាសម្ព័ន្ធផ្លូវគមនាគម​ន៍​ដែល​​​​​​សម្រេចបានកន្លងមនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ សង្គមនិងការ​កសាង​​ជាតិ។ជាក់ស្តែងក្នុងចំណោមសមិទ្ធិផលទំាងនោះមានសមិទ្ធិផលមួយចំនួនធំ ត្រូវបាន​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ចើញ​​​​ចូលរួមបើកការដ្ឋានដំណើរការសាងសង់ និងពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​ដោយ​ផ្ទាល់  ក្នុង​នោះ ការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសទី៤និងទី៥នៅរាជធានីភ្នំពេញ និងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ត្រង់រង្វង់មូលចោមចៅ។ សម្តេច តេ ក៏បាន​សម្ពោធ​ដាក់​អោយប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេ គឺ ស្ពានកោះធំ និងស្ពានកោះបែន  រួមទំាងបើកការដ្ឋាន​សាងសង់ស្ពានថ្មីចំនួន២ទៀត ឆ្លងកាត់ទន្លេសាបនៅរាជធានីភ្នំពេញ និងស្ពានឆ្លងកាត់​ទន្លេមេ​គង្គ​នៅត្រង់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ជាមួយគ្នានេះ​ប្រមុខរាជរដ្ឋាភិបាល​បានសម្ពោធ​បើក​​​អោយប្រើប្រាស់ កំណត់ផ្លូវជាតិលេខ៤៩ ផ្លូវជាតិលេខ៧៦ ផ្លូវក្រវ៉ាត់ក្រុងជើងឯក ផ្លូវជាតិ​លេខ៦ រួមទំាងបើការរដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៥ និងជាតិលេខ៣  និងផ្លូវជាតិមួយ​ចំនួន​ទៀត ដើម្បីបង្កើនការអភិវឌ្ឍន៍ផ្លូវគមនាគមន៍នៅកម្ពុជាអោយ កាន់តែប្រសើរ​ដើម្បីសម្រួល​ដល់​ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
ទោះបីជាក្រសួងសាធារណនិងដឹកជញ្ជូនដែលជាសេនាធិការបស់រាជរដ្ឋាភិបាលបាន អនុវត្តការ​ងារសម្រេច​បានសមិទ្ធិផលធំៗជាច្រើន ដូចជាការស្តារ ការសាងសង់ ការជួសជុលផ្លូវថ្នល់ ការ​ស្តារ​និងអភិវឌ្ឍន៍ផ្លូវដែក និងផ្លូវទឹកមានវឌ្ឍនភាពគួរអោយកត់សម្គាល់យ៉ាងនេះក្តី ប៉ុន្តែរាជរដ្ឋា​ភិបាលមិនទាន់ស្កប់ស្កល់នឹងកិច្ចការអភិវឌ្ឍន៍ទំាងនេះនៅឡើយទេ  ពោលគឺមានផែនការ អភិ​វឌ្ឍន៍​វិស័យផ្លូវគមនាគមន៍នេះអោយកាន់តែខ្លាំងក្លាបន្ថែមជាងនេះទៀត សំដៅធានាថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទំាងព្រះរាជាណាចក្រកម្ពុជា មានគុណភាពខ្ពស់ទំនើប សុវត្ថិ​ភាព សន្តិសុខ ផាសុកភាព ប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ មានចីរភាព និងសុខដុមនីយកម្ម​បរិ​ស្ថាន ព្រមទំាងត្រូវបានគ្រប់គ្រងអោយមានប្រសិទ្ធភាព តម្លាភាពតម្លៃទាប ជំនឿទុកចិត្ត និងជា​ការពេញចិត្តចំពោះអ្នកប្រើប្រាស់សំដៅបំរើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងកាត់​បន្ថយ​ភាព​​ក្រីក្រ។

ក្នុងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំទៅមុខទៀតនេះ ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូនបានដាក់ផែនការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងហោច ណាស់អោយបាន​ប្រវែងជាង៣៥០០គីឡូម៉ែត្របន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពិសេសការគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជានិងបំរើឲ្យការធ្វើសមាហរណកម្មជាតិទៅអន្តរជាតិ។ បន្តសាងសង់ និងស្តារផ្លូវជាកម្រិត១ពីផ្លូវក្រាល​កៅស៊ូ២ជាន់មកជា​ផ្លូវ​បេតុង ពង្រីកផ្លូវជាតិកម្រិត១តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍​សំខាន់ៗនៅជុំវិញទីក្រុងពី២គន្លងទៅ៤​គន្លង បន្តសាងសង់ផ្លូវជាតិផ្លូវខេត្តភ្ជាប់ទៅតំបន់ ឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម​និងតំ​បន់​​ទេសចរណ៍ថ្មីៗដែលបង្កើតឡើងនិងតាមតំបន់ព្រំដែន។ជាងនេះទៅទៅទៀត​គឺបង្កើនអត្រា​ក្រាល​កៅស៊ូសម្រាប់ផ្លូវជាតិកម្រិត២អោយ បាន១០០ភាគរយ និងផ្លូវខេត្តឲ្យបាន៤០ភាគរយ ដើម្បីកាត់បន្ថយពេលវេលានៃការធ្វើដំណើរនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕