ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ត្រៀមប្រារព្វខួប៦៥ឆ្នាំនៃចំណង មិត្តភាពកម្ពុជា.ជប៉ុននៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ៖លោកតាកាហាស៊ី ហ្វូមីអាគី អតីតះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយភ្នាក់ងារទូរទស្សន៏ផ្លូវការរបស់ជប៉ុនNHK ២រូបផ្សេងទៀតបានជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣កក្កដានេះ ដើម្បីសុំកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញក្នុងការរៀបចំខួបលើកទី៦៥នៃចំណងមិត្តភាព និងការទូតកម្ពុជា.ជប៉ុនដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។

លោកតាកាហាស៊ី ហ្វូមីអាគី បានជំរាបជូនពីគោលបំណងនៃការប្រារព្វខួបលើកទី៦៥ឆ្នាំនៃចំណងមិត្តភាពកម្ពុជាជប៉ុននេះ ផ្តោតលើការពង្រឹងផ្នែកវប្បធម៌កម្ពុជា.ជប៉ុនពិសេសបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់ថែមទៀតសំរាប់យុវវ័យកម្ពុជា.ជប៉ុនលើផ្នែកវប្បធម៌ក្រោមការរៀបចំពីភ្នាក់ងារពត៌មានNHKដែលជាទីភ្នាក់ងារផ្លូវការរបស់រដ្ឋ និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីព្រឹត្តិការនេះទៅកាន់ពិភពលោក តាមរយះភាពយន្តតុក្កតា,ការបង្ហាញម៉ូត និងការប្រគុំតន្ត្រីលើខ្លឹមសារ៖ គួឧិ្យស្រឡាញ់ ដែលភាសារជប៉ុនហៅថា ខាវ៉ៃ។

ឯកឧត្តម ឃួង ស្រេង បានស្វាគមន៏ និងគាំទ្រពេញទំហឹងលើការរៀបចំព្រឹត្តិការណ៏ដ៏មានអត្ថន័យនេះនិងត្រៀមខ្លួនផ្តល់កិច្ចសហការជាមួយភាគីជប៉ុនដើម្បីរៀបចំឲ្យទទួលបានជោគជ័យ។ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាលក៏បានផ្តល់យោបល់ឲ្យភាគីជប៉ុនធ្វើលិខិតផ្លូវការទៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃក្នុងគោលបំណងសហការរៀបចំការងារនេះឲ្យមានប្រសិទ្ធភាព៕