ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជធានីភ្នំពេញ និងទីក្រុងអង់ការ៉ា ប្រទេសទួរគី គ្រោងចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹង និងពង្រីកវិស័យទេសចរណ៍ និងការវិនិយោគផ្នែកសេដ្ឋកិច្ច(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ ៖

 

ក្នុងជំនួបពិភាក្សាការងារ ដែលមានបំណង​ចងសម្ព័ន្ធភាពរ​វាងទីក្រុង​នៃ​ប្រ​ទេសកម្ពុជា និងប្រទេស ទួរគី កាលពីល្ងាចថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨ នៅរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “យោងទៅតាមការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជា​​​​ច្រើនឆ្នាំកន្លងទៅនោះ ថ្ងៃនេះ ឯកអគ្គរដ្ឋទូតទូរគីប្រចាំកម្ពុជា តំណាង​អោយ​រដ្ឋាភិបាលរបស់ខ្លួន មានបំណងចងសម្ព័ន្ធភាព​មេត្រីភាពរវាង​ទីក្រុង​ភ្នំពេញ និងទីក្រុងអង់ការ៉ា”។ ឯកឧត្តមលើកឡើងថា បើទីក្រុងទាំងពីរ បាន​ចងសម្ព័ន្ធភាពជាមួយគ្នា នោះវិស័យទេសចរណ៍និងការវិនិយោគផ្នែក​សេដ្ឋ​​​កិច្ចនឹងមានការរីកចំរើនថែមមួយកម្រិតទៀត។
ឯកឧត្តម ឃួង ស្រេង ថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីក​ចំរើន​ខ្ពស់ ដោយភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេស​ចរ​ណ៍ ដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយកំណើនសេដ្ឋកិច្ច​កម្ពុជា គឺមានការកើនឡើងក្នុងរង្វង់ជាង៧%ក្នុង១ឆ្នាំ ដូច្នេះហើយ មានទី​ក្រុងនៃ​ប្រ​ទេសមួយចំនួន បានចង់សម្ព័ន្ធមេត្រីភាពជាក្រុងភ្នំពេញ ដូចជាទីក្រុងប៉ារីស ប្រទេសបារាំងជាដើម។
លោកជំទាវ Ayda Unlu ឯកឧត្តមរដ្ឋទូតទួរគីប្រចាំកម្ពុជា មានសប្រ​សា​ស​ន៍​​​ថា “ទីក្រុងភ្នំពេញពិតជាមានការរីកចំរើនលឿនមែនទែន ហើយទីក្រុងភ្នំ​ពេញ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ហើយទីក្រុងភ្នំពេញ ក៏ធ្លាប់​បាន​ជាប់សំណាត់ថ្នាក់ជាទីក្រុងស្អាតក្នុងតំបន់អាស៊ីផងដែរ”។
លោកជំទាវបញ្ជាក់ថា គម្រោងចងសម្ព័ន្ធមេត្រីភាពរ​វាងទីក្រុងនៃប្រ​ទេស​ទាំងពីរនេះ ដើម្បី ជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនង និងកិច្ច​ស​ហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គឺជាភាពជោគជ័យមួយទៀត ខាង​វិស័យការទូត ៕