ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវតែសិក្សាពីការធ្វើ បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មដល់ភ្ញៀវឱ្យបានត្រឹមត្រូវ

​AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨–មន្ត្រីជាន់ខ្ពស់ក្រសួងទេចរណ៍បានណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ត្រូវតែធ្វើការសិក្សា និងឈ្វេងយល់ពីការធ្វើបដិសណ្ឋារកិច្ច និងការ ផ្ដល់សេវាកម្មដល់ ភ្ញៀវ ឱ្យបានត្រឹមត្រូវ ដើម្បីផ្ដល់នូវទំនុកចិត្ដដល់ភ្ញៀវ និងមានស្ដង់ដារផ្នែកបដិសណ្ឋារកិច្ច ស្របតាមប្រទេសក្នុងតំបន់។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់អ្នកកំពុងបម្រើការងារ បដិសណ្ឋារកិច្ច តុការ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ កាលពីព្រឹកថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេចរណ៍បានមានប្រសាសន៍ថា វិស័យបដិសណ្ឋារកិច្ចនេះកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង ហើយផ្នែកនេះគឺជាមុខជំនាញដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដែលតាមរយៈការបណ្ដុះ បណ្ដាលនេះ គឺបានជួយពង្រឹងជំនាញបន្ថែមដល់ អ្នកដែលកំពុងបម្រើការងារផ្នែកបដិសណ្ឋារកិច្ច នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវាកម្ម និងបដិសណ្ឋារកិច្ចល្អ ដល់ភ្ញៀវគឺមានតួនាទីសំខាន់ណាស់ព្រោះថា កាលណា យើងផ្តល់សេវាល្អ នោះធ្វើឱ្យភ្ញៀវចូលចិត្តស្នាក់នៅបានយូរ ការចាយលុយកាក់ក៏កាន់តែច្រើន និងចង់មកលើកក្រោយទៀត។

ឯកឧត្តមបានបន្ដថា “បើយើងផ្ដល់សេវាមិនល្អ ទោះបីជាភោជនីយដ្ឋានរបស់យើងមានម្ហូបឆ្ងាញ់ ស្អាត កម្រិតប៉ុណ្ណា ក៏គេ មិនចូលដែរ។ ទន្ទឹមនេះ ប្រសិនបើបុគ្គលិក មិនមានសុជីវធម៌ បុគ្គលិកមិនមានជំនាញផ្នែកបដិសណ្ឋារកិច្ចត្រឹមត្រូវ ដាក់ ម្ហូបអាហារមិនសមរម្យ គ្មាន សណ្តាប់ ធ្នាប់នោះភ្ញៀវមិនចូលទៀតទេ។”

​ឯកឧត្តមបានលើកឡើងទៀថា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមក ទស្សនានៅកម្ពុជា កាន់តែច្រើន និងបានយូរ អង្វែងនោះ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកជំនាញ ផ្នែកទេសចរណ៍ត្រូវធ្វើការផ្សព្វផ្សាយនូវកន្លែងទេចរណ៍ថ្មីៗ ដល់ភ្ញៀវ បង្ហាញពីលទ្ធផលក្នុង វិស័យទេសចរណ៍ដល់ភ្ញៀវ ឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានជំរុញដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ​ ផ្ទះសំណាក់ ត្រូវខិតខំធ្វើយ៉ាងណា ឱ្យភ្ញៀវដែលចូលមកសម្រាក និងទស្សនានៅកម្ពុជា ហើយចង់មកទស្សនាលើកក្រោយទៀត។

មន្រ្ដីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរចំនួន៥.៦លាននាក់ ដែលមានកំណើន១១.៨ ភាគរយ នឹងទទួលបានចូលថវិកា ចូលជាតិចំនួន ៣.៦៣៨លានដុល្លារ ស្មើនឹង១៣.៣ភាគរយ ។

សម្រាប់ផ្ដល់ឱកាសការងារ បម្រើក្នុងវិស័យទេសចរណ៍មានចំនួន៦២ម៉ឺននាក់ ​ការងារដោយផ្ទាល់ និងការងារប្រយោល មានរាប់ម៉ឺននាក់ថែមទៀត។ ក្នុងឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរ​៧លាននាក់ ហើយបង្កើតឱកាសការងារ បានចំនួន១លាននាក់ សម្រាប់បម្រើការងារនៅក្នុងវិស័យ ទេសចរណ៍ រួមមានការបម្រើការ ងារទាំងក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ឬសេវាផ្សេងៗ ទៀត។ ចំណែកក្នុងឆ្នាំ២០២៥ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរមកកម្ពុជា កើន ឡើងដល់១០លាននាក់ ហើយឱកាសការងារនឹងកើនឡើងដល់១.៦លាននាក់ និងនៅឆ្នាំ ២០៣០ ភ្ញៀវទេសចរកើន ឡើងដល់១៥លាននាក់ ដោយបង្កើតការងារដោយផ្ទាល់ ឧហស្សាហ កម្មទេសចរណ៍ ការងារដោយផ្ទាល់១.៧លាននាក់ និងការងារប្រយោលជា ច្រើននាក់ទៀត ។

​លោកបណ្ឌិត ឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលផ្នែក បដិសណ្ឋារកិច្ចនេះ គឺដើម្បីចូលរួមពង្រឹងធនធាន មនុស្សលើវិស័យទេសចរណ៍ និងស្របតាមផែនការអភិវឌ្ឍន៍វិស័យ ទេចរណ៍ ឆ្នាំ២០១៧-២០២៥ របស់ក្រសួងទេសទេចរណ៍ សំដៅដល់ពង្រឹងគុណភាពអ្នកផ្ដល់សេវាកម្មទេចរណ៍ ទាំង គុណភាព ចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែប្រសើរ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ អាហារដ្ឋាន ភោជនីយដ្ឋាន និងមណ្ឌលកម្សាន្ដទេសចរណ៍នានា។

​លោកបណ្ឌិតបានបន្ថែមថា ការបណ្តុះបណ្តាលនេះ គឺស្របតាមកិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញ ទេសចរអាស៊ាន ផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ឯកទេស ម្ហូបអាហារ និងភេសជ្ជៈ សេវាកម្ម។

​សូមបញ្ជាក់ថា សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានបើកបណ្តុះបណ្តាល ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨នេះ មានសិក្ខាកាមជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងទូទៅ និង អ្នកបម្រើការងារក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋាន អាហារ ដ្ឋាន រង្គសាល កន្លែងខារ៉ាអូខេ និងកន្លែងផ្ដល់សេវាកម្មផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ សរុបចំនួន៤វគ្គ ដែលមានសិក្ខាកាមចំនួន១.៣០០នាក់។

ចំពោះការបណ្ដុះបណ្ដាលវគ្គទី១ មានចំនួន៣៣៣នាក់ ស្រី១៤៨នាក់ វគ្គទី២ បណ្តុះបណ្តាលចំនួន៣០៨នាក់ ស្រី​១១៧នាក់ វគ្គទី៣ បណ្ដុះបណ្ដាលចំនួន៣២៨នាក់ ស្រី១៣៨នាក់ និងវគ្គ ទី៤ បាននិងកំពុងបណ្តុះ បណ្តាលចំនួន២៩៩នាក់ ស្រី១៦៨នាក់៕

ដោយ អ៊ុន រិទ្ធី