ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អត្ថប្រយោជន៍ជាច្រើនដែលកម្មករ និយោជិតទទួលបានពីការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម​របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៥

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨–​បន្ទាប់ពីការដាក់ចេញ និងអនុវត្តន៍គោលនយោបាយជាតិស្ដីពីមុខរបប និងបង្កើតការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយ ស្ដីពីការអប់រំបណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជ្ជាជីវៈ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលអាណត្ដិទី៥ នោះឃើញថា កម្មករ និយោជិតបានទទួលអត្ថប្រយោជន៍ជាច្រើពីក្របខ័ណ្ឌនៃគោលនយោបាយនេះ។ នេះបើតាមការប្រកាស​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា អត្ថប្រយោជន៍ ដែលកម្មករ និយោជិតទទួលបាននោះរួមមាន ចាប់ពីឆ្នាំ ២០១៨ កម្មករ កម្មការិនីរោងចក្រវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង ទទួលបានប្រាក់ឈ្នួលអប្បបរមា ចំនួន ១៧០ ដុល្លារអាម៉េរិក និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។ រាជរដ្ឋាភិបាលបានកសាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីជាមូលដ្ឋានធានាដល់ យន្តការត្រីភាគី សម្រាប់ការពិភាក្សាប្រាក់ឈ្នួលនេះជាទៀង ទាត់រៀងរាល់ឆ្នាំ។

បានតភ្ជាប់បណ្ដាញអគ្គិសនី និងភ្ជាប់បណ្ដាញទឹកស្អាត ដែលមានតម្លៃទាបនៅតាមផ្ទះ ជួលរបស់កម្មករកម្មការិនី។​ បង្កើត​ច្បាប់ស្ដីពីភតិសន្យាពិសេស ដើម្បីគ្រប់គ្រងថ្លៃឈ្នួលផ្ទះ និងអំពាវនាវដល់ម្ចាស់ផ្ទះជួលសូមកុំដំឡើងថ្លៃផ្ទះនៅឆ្នាំ២០១៨។

ដំឡើងកម្រិតអប្បបរមា នៃប្រាក់បៀវត្សរ៍ជាប់ពន្ធឱ្យឡើងដល់ ១.២លានរៀល ចាប់ពីខែមករា ឆ្នាំ២០១៨។ ការទទួលសេវា ពិនិត្យសុខភាព និងព្យាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ដែលការទទួល បាននេះ មិនមែនសម្រាប់តែកម្មករ-កម្មការិនីនោះទេ សូម្បីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រធាន អនុប្រធានភូមិ ជំនួយការភូមិ និងកីឡាករ-កីឡាការិនី ក៏ទទួល បានសេវា ដ៏ចម្បងនេះដូចគ្នាដែរ។ សម្រាប់កម្មករ-កម្មការិនី ដែលសម្រាលកូនហើយ ទទួលប្រាក់ឧបត្ថម្ភក្នុងអត្រា ១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃពោះ នោះកម្មការិនីក៏ទទួលបានការអនុញ្ញាតឱ្យចេញពីធ្វើការមុនម៉ោង យ៉ាងតិច ១៥នាទី។

​ទន្ទឹមនេះ កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធ ប្រសិនបើសម្រាល បានកូនម្នាក់ ទទួលបានថវិកាឧបត្ថម្ភពី រាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល បើកូនភ្លោះ២នាក់ ទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។ ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុន កម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺនិយោជកជាអ្នករ៉ាប់ រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយ រាជរដ្ឋាភិបាល តាមរយៈការទូទាត់ពន្ធជាដើម។ អាជ្ញាធរមានភារកិច្ចចុះត្រួតពិនិត្យជាប្រចាំ នូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃ អគ្គិសនី ដើម្បីធានា ការកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការិនី។ ​ជាមួយគ្នានេះដែរក៏មានការផ្ដល់ការធ្វើដំណើរ តាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនរបស់សាលាក្រុងភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ដែលអត្ថប្រយោជន៍ នេះ មិនត្រឹមតែកម្មករនិយោជិតទេ ព្រះសង្ឃ កីឡាករ-កីឡាការិនី សិស្សានុសិស្ស និងជនពិការក៏ទទួលបានសេវាដ៏សំខាន់ នេះផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលក៏កំពុងខិតខំរៀបចំបែបបទ និងការងារពាក់ព័ន្ធ ដើម្បីដាក់ចេញ របបសោធននិវត្តន៍ ជូនកម្មករ-កម្មការិនី នៅឆ្នាំ២០១៩ ខាងមុខ និងបានធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃច្បាប់ស្ដីពីការងារ ដើម្បីកំណត់ឱ្យ និយោជក ដោះស្រាយប្រាក់អតីតការងារ ជូនកម្មករនិយោជិត ៦ខែម្ដង ទប់ស្កាត់ហានិភ័យករណី ដែល រោងចក្របិទទ្វារ។ ក្រៅពីនេះ រាជរដ្ឋាភិបាល កំពុងបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជា ដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីបន្តផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែល កំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គម ទាំង បច្ចុប្បន្ន និង ពេលវិលត្រឡប់មកវិញ។ជាងនេះទៀត រាជរដ្ឋាភិបាល ក៏មិនព្រងើយកន្តើយដែរ ចំពោះការងារស្វែងរក និងទំនាក់ទំនង ជាមួយប្រទេស និងក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា ពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ដើម្បីឱ្យពួកគេរក្សា និងបង្កើនការបញ្ជា ទិញទំនិញពីកម្ពុជា សំដៅបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនកម្មករ-កម្មការិនីកម្ពុជា។

​គួរបញ្ជាក់ដែរថា នៅឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍន៍រីកចម្រើន អត្រាមានការងារធ្វើ ៩៩.៣ភាគរយ នៃកម្លាំង ពលកម្មសរុបប្រមាណជិត ១០លាននាក់ ក្នុងនោះសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២.០០០ និងមានកម្មករនិយោជិតសរុបជិត ១.៥លាននាក់ ដែលមាន ប្រាក់ឈ្នួលសរុបជាមធ្យមប្រមាណ ៣.៥០០លានដុល្លារអាម៉េរិក ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានកម្មករនិយោជិតជាង ៨៣០.០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ២.០០០លានដុល្លារអាម៉េរិក។

សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានជិត ៦០ម៉ឺន មានកម្មករចំនួន ២.៤លាននាក់ វិស័យកសិកម្មប្រមាណ ជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ ១.២លាននាក់ និងមន្ត្រី សាធារណៈចំនួនប្រមាណ ៥០ម៉ឺននាក់៕

ដោយ ជឹម ណារី