ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងឧស្សាហកម្មបានបង្ហាញថា មកដល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាជាង២លានគ្រួសារ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ហុក សុខរិន ៖

  ក្រសួងឧស្សាហកម្ មនិងសិប្បកម្មបានបង្ហាញថា ការផ្គត់ផ្គង់ទឹក​ស្អាតនៅទី​ប្រជុំជន បាន​កើន​ឡើង​​​គួរឱ្យកត់សម្គាល់ ជាពិសេសអត្រាគ្រប​ដណ្តប់នៃការផ្គត់ផ្គង់ទឹក​ស្អាតតាមប្រព័ន្ធ​បណ្តា​​ញ​នៅទីប្រជុំជនបានកើនឡើងពី៥២% នៅឆ្នាំ២០០៨ដល់ជាង៦៨ភាគរយ នៅឆ្នាំ២០១២ និងកើន​ដល់៨៦ភាគរយនៅឆ្នាំ២០១៧ ដោយគិតជាចំនួនគ្រួសារដែល​ទទួលបានទឹក​ស្អាតប្រើប្រាស់​កើន​​ដល់២លាន៣សែនគ្រួសារ។
របាយការណ៍ក្រសួងបានបង្ហាញឲ្យឃើញថា សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមាន​ប្រាក់ចំ​ណូល​តិចនឹងទទួលបានការប្រើប្រាស់ទឹកស្អាតដែលមានតម្លៃថោកក្នុងកម្រិតអប្បបរមា ព្រម​ទាំង​កំណត់តម្លៃទឹកស្អាតលក់ជូនម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឱ្យកម្មករ-កម្មការិនី បុគ្គលិក សិស្ស-និស្សិត (ប្រមាណ១៣១ ០២០ បន្ទប់) ក៏ទទួលបានការផ្គត់​ផ្គង់ទឹកស្អាត​ពីបំពង់​ចែក​ចាយរបស់រដ្ឋក្នុងតម្លៃថោកសមរម្យដូចគ្នាដែរ។ លើសពីនោះ ប្រជាពលរដ្ឋក្រីក្រមួយ​ចំនួន​ក្នុងរាជធានីភ្នំពេញក៏ទទួលបានការឧបត្ថម្ភធនក្នុងការតភ្ជាប់ បណ្តាញទឹកស្អាតដែល​គិតមក​ដល់​បច្ចុប្បន្ននេះមានចំនួនប្រមាណជាង ៣ម៉ឺនគ្រួសារ។
ការជំរុញ​ឱ្យមានការចូលរួមរបស់ផ្នែកឯកជនគឺជាយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាល​ក្នុង​ការ​​ប្រមូលធនធានសម្រាប់ការវិនិយោគលើការអភិវឌ្ឍក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត។ការ​ពង្រីក​សមត្ថ​​​​ភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន ក្នុងការវិនិយោគលើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត គឺជាយុទ្ធសាស្ត្រមួយដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មតែង​បានប្រកាន់​ខ្ជា​ប់។
ផ្តើមចេញពីនយោបាយនេះ វិស័យឯកជនបានចូលរួមចំណែក​យ៉ាងសកម្មផង​ដែរនៅតាម​បណ្តា​ទីរួមខេត្ត និងទីប្រជុំជននានាដែលមានប្រជាជនរស់នៅចាប់ពី៣០០គ្រួសារ ដល់៥.000គ្រួសារ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុនឯកជនដែលវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បានកើនដល់២២២ទីប្រជុំជន។ កំណើននេះដោយសារមានការចូលរួមពីវិស័យឯកជន និង​កិច្ច​ស​ហប្រតិបត្តិការលើការអនុវត្តគម្រោងក្រោមជំនួយឥណទាន, ជំនួយកម្ចីហិរញ្ញប្បទាន​របស់​អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈ´អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យនៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក (WHO), ធនាគារ​អភិ​វឌ្ឍន៍អាស៊ី(ADB), ធនាគារពិភពលោក(WB), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីក​ប្រព័ន្ធផ្គត់ផ្គង់ និងបណ្ដាញចែកចាយ និងការពង្រីកសមត្ថភាពផលិតទឹក​ស្អាតនិងការ​បណ្តុះ​បណ្តាល​កសាងសមត្ថភាពដល់មន្ត្រីតាមបណ្តាអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជន​ផង​ដែរ៕