ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាល​ខេត្តកំពង់ចាម អំពាវនាវឲ្យគ្រប់គ្រឹះស្ថានសិក្សា ត្រូវអប់រំណែនាំ ដល់សិស្សអំពី​បញ្ហា​គ្រោះ​ថ្នាក់ចរាចរ​ និងគ្រឿងញៀន ក្នុងពេលគោរពទង់ជាតិរៀងរាល់សប្តាហ៍

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៨នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំ​ពង់​​​​ចាមចុះផ្សព្វផ្សាយលើបញ្ហា២ដ៏ធំ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់​បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ​ នៅបឋមសិក្សា​និងអនុវិ​ទ្យា​ល័យ​​​​​ទួលថ្ម នឹងជម្រុញ លើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការខិត​ខំរៀនសូត្រ ដើម្បី​បន្តការ​សិក្សា​ទៅ​​​​​ថ្នាក់​វិទ្យាល័យបន្តទៅមុខទៀត។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានថ្លែង​ទៅសិស្សានុ​សិស្សនៃ​បឋមសិក្សា-អនុវិទ្យាល័យទួលថ្មថា​ ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ធំ គឺគ្រោះ​​​​​ថ្នាក់​ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុ​ជីវិតប្រជាពលរដ្ឋជា​រៀងរាល់ថ្ងៃ យើងត្រូវផ្សព្វផ្សាយបន្ត​ ត្រូវប្រុងប្រយត្ន៍ដោយគោរពច្បាប់ចរាចរណ៍​ត្រូវពាក់មួក​សុវត្ថិ​ភាព​ ចេះអធ្យាស្រ័យគ្នា​ ចេះយោគយល់គ្នា​ ហាមប្រើប្រាស់គ្រឿងញៀន​ សេពគ្រឿង​ស្រ​វឹង​​​​ជាដើម​ក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់ក្នុងការបើកបរ ។ ឯកឧត្តម បន្តថា យើងត្រូវ​រួមគ្នា​ថែរក្សាជីវិតដល់ពលរដ្ឋ ដោយកុំខឹងនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍​ គឺដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​​ដោយគ្រោះថ្នាក់ចរាចរ​នៅលើដងផ្លូវ ។​បញ្ហាជាពិសេស​ប្រចាំថ្ងៃនោះ​គឺបញ្ហា​សម្រាម​ត្រូវធ្វើ​ការ​គ្រប់គ្រង  បានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដង​ផ្លូវសម្រួលចរាចរណ៍កុំ​ឲ្យកក់ស្ទះនៅលើ​ដងផ្លូវ​ផងដែរ។

ឯកឧត្តម​ គួច​ ចំរើន​ មានប្រសាសន៏ទៀតថា យុវជនគឺជាទំពាំងស្នងឬស្សី​សម្រាប់ប្រទេសជាតិ ដើម្បី​អភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាព​រុង​រឿង​រីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀស​ឆ្ងាយ​ពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់​ដោយ​ខ្លួនឯងនិងសង្គមជាតិ។

ឯកឧត្តម​បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការ​ណែនាំលើបញ្ហាអសកម្មដែល​កើតមានឡើង​លើ​បញ្ហា​គ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់ជារៀងរាល់សប្តាហ៍ និងជម្រុញដល់​សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារនឹងឈានដល់​ការអភិ​វឌ្ឍន៍ប្រទេសជាតិផងដែរ ៕