ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងសាធារណការ ដាក់ផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ អោយបានប្រវែងជាង៣៥០០គីឡូម៉ែត្របន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖ ទោះបីជាក្រសួងសាធារណនិងដឹកជញ្ជូនដែលជាសេនាធិការបស់រាជរដ្ឋាភិបាលបាន អនុវត្តការងារសម្រេចបានសមិទ្ធិផលដ៏រឹងមាំធំៗជាច្រើន ដូចជាការស្តារ ការសាងសង់ ការជួសជុលផ្លូវថ្នល់ ការស្តារនិងអភិវឌ្ឍន៍ផ្លូវដែក និងផ្លូវទឹកមានវឌ្ឍនភាពគួរអោយកត់សម្គាល់យ៉ាងនេះក្តី ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នឹងកិច្ចការអភិវឌ្ឍន៍ទំាងនេះនៅឡើយទេ ពោលគឺមានផែនការ អភិវឌ្ឍន៍វិស័យផ្លូវគមនាគមន៍នេះអោយកាន់តែខ្លាំងក្លាបន្ថែមជាងនេះទៀត សំដៅធានាថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទំាងព្រះរាជាណាចក្រកម្ពុជា មានគុណភាពខ្ពស់ទំនើប សុវត្ថិភាព សន្តិសុខ ផាសុកភាព ប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ មានចីរភាព និងសុខដុមនីយ កម្មបរិស្ថាន ព្រមទំាងត្រូវបានគ្រប់គ្រងអោយមានប្រសិទ្ធភាព តម្លាភាពតម្លៃទាប ជំនឿទុកចិត្ត និងជាការពេញចិត្តចំពោះអ្នកប្រើប្រាស់សំដៅបំរើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ។ជាក់ស្តែងគោលដៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងហោចណាស់អោយបានប្រវែងជាង៣៥០០គីឡូម៉ែត្របន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ពិសេសការគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅ កម្ពុជា និងបំរើឲ្យការធ្វើសមាហរណកម្មជាតិទៅអន្តរជាតិ។ ក្នុងនោះបន្តការសាងសង់ និងស្តារផ្លូវជាកម្រិត១ពីផ្លូវក្រាលកៅស៊ូ២ជាន់មកជាផ្លូវបេតុង ពង្រីកផ្លូវជាតិកម្រិត១តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍សំខាន់ៗនៅជុំវិញទីក្រុងពី២គន្លងទៅ៤គន្លង បន្តសាងសង់ផ្លូវជាតិផ្លូវខេត្តភ្ជាប់ទៅតំបន់ ឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្មនិងតំបន់ទេសចរណ៍ថ្មីៗដែលបង្កើតឡើង និងតាមតំបន់ព្រំដែន។ជាងនេះទៅទៅទៀតគឺបង្កើនអត្រាក្រាលកៅស៊ូសម្រាប់ផ្លូវជាតិកម្រិត២អោយបាន១០០ភាគរយ និងផ្លូវខេត្តឲ្យបាន៤០ភាគរយ ដើម្បីកាត់បន្ថយពេលវេលានៃការធ្វើដំណើរ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។