ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិជាង៦ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានអះអាងថា គិត រហូតមកដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ និងអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ ជាតិ  និងអន្ដរជាតិប្រមាណជាង៦ម៉ឺននាក់ ហើយកំពុងតែពិនិត្យជា បន្ដបន្ទាប់ទៀត ដើម្បីចូលរួម ពិនិត្យមើលក្នុងដំណើរការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦នេះ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ AKP ឱ្យដឹង កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិមានចំនួន៦៥.៧៤៤នាក់ ក្នុងនោះស្រី៣៦.៥៤៣នាក់ ដែលមកពី១០១ អង្គការ សមាគម ដែលត្រូវបានអនុញ្ញាតចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម បានបញ្ជាក់ថា គ.ជ.ប កំពុងតែពិនិត្យការស្នើសុំ របស់អ្នកសង្កេតការណ៍ ជាតិចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ ខែកក្កដា នឹងត្រូវបិទបញ្ចប់ការទទួល ចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ។ ដោយឡែក សម្រាប់អ្នកសង្កេតការអន្ដរជាតិវិញ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន៣៧នាក់ មកពី៨ប្រទេស ហើយកំពុងតែបន្ដពិនិត្យ និងបន្ដទទួលរហូត ដល់ថ្ងៃ ទី២៥ ខែកក្កដា ខាងមុខដែលត្រូវបញ្ចប់។

ឯកឧត្តមបានលើកឡើងទៀតថា សម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិដែលបានស្នើសុំសង្កេតការណ៍តាមរយៈក្រសួង ការបរទេស ក្រសួងកំពុងតែជួយសម្រួលរៀប ចំឯកសារឱ្យ ក្នុងការ ស្នើសុំសង្កេតការណ៍ដែលមានប្រទេសចំនួន៤៥ និង មានអ្នកសង្កេតការណ៍ប្រមាណ ១៥០នាក់ទៀតផងដែរ។ ឯកឧត្តមបានចាត់ទុកថា វត្ដមានរបស់អ្នកសង្កេតការណ៍ជាតិ និង អន្ដរជាតិគឺជាសាក្សីដ៏សំខាន់នៅក្នុងការចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦នេះ ហើយពួក គេត្រូវតែប្រកាន់នូវជំហរអព្យាក្រឹតយ៉ាងពិតប្រាកដក្នុង ការងារជាអ្នកសង្កេតការណ៍របស់ខ្លួន ជាពិសេសមិនត្រូវរារាំងក្នុង កិច្ចការបោះឆ្នោត ដែលប៉ះ ពាល់ដល់តួនាទីរបស់ គ.ជ.ប នោះទេ។

ឯកឧត្ដម ហង្ស ពុទ្ធា ក៏បានស្នើឱ្យអ្នកសង្កេតការណ៍ទាំងជាតិ និងអន្ដរជាតិ គួរឈ្វេង យល់អំពីច្បាប់បទបញ្ជា និងនីតិវិធី បោះឆ្នោតឱ្យបានច្បាស់លាស់ ដើម្បីបង្កើននូវការយល់ដឹង និងមិនឱ្យមានការខុសឆ្គងនៅក្នុងដំណើរការសង្កេតការណ៍ របស់ខ្លួន សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦នេះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន២០ ចូលរួម។ បើតាមប្រតិទិនរបស់ គ.ជ.ប បានឱ្យដឹងថា ការឃោសនារកសំឡេង ឆ្នោតសម្រាប់គណបក្ស នយោបាយ នឹងចាប់ផ្ដើមពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕

ដោយ អ៊ុន រិទ្ធី