ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរភ្នំពេញ ស្នើរឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្ថែមផែនការពង្រឹងសន្តិសុខ ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោត និងរដូវប្រគួតបាល់ទាត់ពិភពលោក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា សម្រាប់យុទ្ធនាការដង្ហែរក្បួនឃោសនា រកសំលេងឆ្នោត របស់គណបក្សនយោបាយនានា ក្នុងរាជធានីភ្នំពេញ រយៈពេល ០៣ថ្ងៃកន្លងមកនេះ ពិតជាមានស្ថានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដោយសារ តែគណបក្សនយោបាយ ក៏ដូចប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងខ្ពស់ គួរឲ្យកោតសសើរ ។ រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១២ ដើម្បីដាក់ចេញជាវិធានការថ្មីៗទៀត លើការងារពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេស គឺការពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តិទៅនេះនាប៉ុន្មានថ្ងៃនេះ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើង ដើម្បីឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ជាពិសេស កិច្ចការពារ សន្តិសុខ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។ ឯកឧត្តម បញ្ជាក់ថា ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ រយៈពេលប៉ុន្មានថ្ងៃនេះ ពិតជា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលកិច្ចការងារនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងធ្វើឲ្យបានកាន់តែល្អថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអភិបាលគ្រប់ខណ្ឌ ស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមឲ្យបន្ថែមផែនការពង្រឹង សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានកាន់តែខ្លាំងក្លាជាងនេះថែមទៀត ព្រោះពេលនេះ ជាយុទ្ធនាការឃោសនារកសំលេងឆ្នោត ដែលត្រូវពង្រឹងការងារជូនគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋ ។ម្យ៉ាងក្នុងរយៈពេលនេះ ក៏ជារដូវប្រគួតបាល់ទាត់ពិភពលោក (វើល ខាប់) ហេតុនេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចត្រូវមានការប្រុងប្រយ័ត្នខ្ពស់តែម្តង ៕