ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ហាមមិនឱ្យគណបក្សវាយប្រហារគ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានហាមដល់គណបក្សនយោបាយទាំងមិនឱ្យវាយប្រហារគ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត ខណៈគណបក្សនយោបាយទាំង២០ ត្រៀមចាប់ផ្តើមឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ពីថ្ងៃទីថ្ងៃទី៧ ខែកក្កដានេះ។អ្នកយកព័ត៌មានយើងរាយការណ៍ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានដាក់បម្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យយកវេទិការឃោសនាបោះឆ្នោត ដើម្បីរិះគន់គ្នា វាយប្រហារ ឬប្រៀបធៀបគោលនយោបាយគណបក្សរបស់ខ្លួនជាមួយគណបក្សដទៃទៀត ដែលនាំឱ្យមានជម្លោះកើតឡើងនោះឡើយ។ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឯកឧត្តមបញ្ជាក់ថា គ.ជ.ប បានដាក់ពង្រាយមន្ត្រីឃ្លាំមើលការឃោសនាបោះឆ្នោតរបស់ខ្លួននីមួយៗ ដើម្បីប្រាកដថា តើមានគណបក្សណាខ្លះអនុវត្តផ្ទុយពីច្បាប់ នីតិវិធី និងគោលការណ៍ណែនាំរបស់គ.ជ.ប។ ឯកឧត្តមបន្តថា គ.ជ.ប នឹងប្រើវិធានការច្បាប់ ចំពោះគណបក្សនយោបាយ ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ បទបញ្ជានិងនីតិវិធី និងក្រមសីលធម៌ នៅក្នុងអំឡុងពេលឃោសនានេះ។យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ដើម្បីគណបក្សនយោបាយទាំង២០គណបក្ស ធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ក្នុងការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ តាមរយៈការជួបជុំ ការហែក្បួនព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណតាមផ្ទះប្រជាពលរដ្ឋ ការលើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូ ជាដើម។ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ ដែលស្នើសុំធ្វើការជួបជុំ និងហែក្បួនព្យុហយាត្រាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ។ ចំណែក គណបក្សផ្សេងទៀតបង្វែរគោលដៅឃោសនារបស់ខ្លួននៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ។ ឯកឧត្តមបញ្ជាក់ថា គ.ជ.ប បានរៀបចំឱ្យគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ធ្វើការងារដោយឥតលម្អៀង និងមិនប្រកាន់ និន្នាការនយោបាយក្នុងការជួយសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដល់គណបក្សនយោបាយ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតសំដៅបញ្ចៀសអំពើហិង្សាកើតឡើង។ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ និចហ៊្វិក បានបង្ហាញការជឿជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់អាណត្តិទី៦នេះ នឹងមានភាពប្រើសើរជាងអាណត្តិកន្លងទៅ ដោយសារមានការជំរុញពីរាជរដ្ឋាភិបាលអំពីការឃោសនានេះ។យ៉ាងណាក៏ដោយ អាជ្ញាធរសាលារាជធានីភ្នំពេញ បានហាមឃាត់មិនឱ្យហែក្បួនឆ្លងកាត់នោះ រួមមាន កំណាត់មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះសីហនុចាប់ពីនាគបាញ់ទឹក ផ្លូវសុធារសដល់ស្តុបពេទ្យចិន និងផ្លូវជុំវិញព្រះបរមរាជវំាង។ ចំណែក ទីប្រជុំជន និងទីសាធារណៈ ត្រូវបានហាមឃាត់នៅបវេណជុំវិញផ្សារធំថ្មី ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារទួលទំពូង ផ្សារដេប៉ូ និងផ្សារដើមគរ សួនព្រះបរមរាជវាំង ទីធ្លាព្រះមេរុ សួនមុខវត្តបទុមវតី ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល ទីធ្លារូបសំណាកលោកយាយពេញ សួនច្បារលោកតាក្រម ង៉ុយ និងសួនច្បារលោក ហ៊ុន សែន។យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងវិធានការណែនាំរបស់គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយ អាចហែក្បួនព្យុហយាត្រាឃោសនាបោះឆ្នោតនៅក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន៤ដង ប៉ុន្តែការហែក្បួននេះ មិនអនុញ្ញាតឱ្យធ្វើឆ្លងរាជធានី ខេត្ត នោះឡើយ៕