ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ បានរំលឹក អំពីជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់សង្រ្គាម ដែលប៉ុនប៉ងបង្កើតឡើងដោយ អតីតគណបក្សប្រឆាំង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.៥០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន២៥នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ខែកក្កដា នេះ។ សម្តេចតេជោ បានបញ្ជាក់ថា បើសិនជា គណបក្សសង្រ្គោះជាតិ មិនត្រូវបានរំលាយទេនោះ សង្រ្គាមនៅកម្ពុជា ក៏មិនអាចគេចផុតនោះឡើយ ដោយសារតែគណបក្សប្រឆាំងនេះ ធ្វើនយោបាយសងសឹក។សម្តេចតេជោ ក៏បានរិះគន់ផងដែរ ដល់មេដឹកនាំអតីតគណបក្សប្រឆាំង ដែលបានចោទគណបក្សនយោបាយចំនួន១៩ ចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ថាជាគណបក្សអាយ៉ងឱ្យគណបក្សកាន់អំណាច។សម្តេចតេជោ បញ្ជាក់ថា ទោះបីជាគណបក្សទាំងនោះតូច ឬបក្សធំក៏ដោយ ក៏ពួកគេមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីដណ្តើមប្រជាប្រិយភាពដឹកនាំប្រទេស ដោយស្របច្បាប់ដែរ។ គេមានសេរីភាពពេញលេញ ទោះបីជាកម្មវិធីនយោបាយ របស់ពួកគេយ៉ាងម៉េចក៏ដោយ។ សម្តេចតេជោ ថាត់ទុកថា ការរិះគន់របស់ អតីតមេបក្សប្រឆាំង គឺជារឿងដែលប្រមាថដល់គណបក្សដទៃ។