ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាល បង្កើតព្រឹត្តិការណ៍ខួបប្រាសាទព្រះវិហារ និងសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ រាជរដ្ឋាភិបាល នឹងបង្កើតព្រឹត្តិការណ៍អបអរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ ក្រោយពីប្រាសាទបុរាណទាំងពីរនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អ្នកយព័ត៌មានយើងរាយការណ៍បន្ថែម ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ មិនត្រឹមតែបង្ហាញអំពីភាពថ្កុំថ្កើងរុងរឿង និងភាពសុខដុមរមនារបស់អាណាចក្រខ្មែរនាសម័យមហានគរប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីក្រើនរំឭក និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមថែរក្សា ការពារឱ្យស្ថិតស្ថេរគង់វង្សនូវបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបីយ៍ និងអរូបីយ៍ ដែលមានលើទឹកដីកម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការឈានទៅរៀបចំព្រឹត្តិការណ៍អបអរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃប្រាសាទសំបូរព្រៃគុក ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី៥ ខែកក្កដានេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចឱ្យបង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្កើនការស្រឡាញ់ និងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាព សុខដុមភាព និរន្តរភាព និងវឌ្ឍនភាពនៃវប្បធម៌ជាតិ។ ជាមួយគ្នានេះ ក៏ដើម្បីទាក់ទាញដល់ទេសចរជាតិ និងអន្តរជាតិឱ្យចូលមើលប្រាង្គប្រាសាទ ដែលបានទទួលស្គាល់ជាសកលនេះ។ លក្ខណៈសកលមួយគឺថា ភាពផ្ទុយគ្នាព្រឹត្តិការណ៍វប្បធម៌ជាតិនេះ នឹងធ្វើឡើងនៅទីតាំងប្រាសាទព្រះវិហារ និងប្រាសាទសម្បូរព្រៃគុក។ ជាមួយគ្នានេះ ក៏ធ្វើឡើងនៅពហុដ្ឋានកីឡាជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ ព័ន្ធ ត្រូវសហការគ្នា ដើម្បីឱ្យការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិនេះឱ្យបានអធិអធម ដែលបានបង្ហាញតម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិទាំងពីរនេះ។ ជាមួយគ្នានេះ ក៏បានណែនាំឱ្យនៅតាមក្រសួង ស្ថាប័ន រោងចក្រសហគ្រាស និងគ្រប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក បិទគំនូរផ្សាយតាមដងផ្លូវសាធារណៈ ទីលានសាធារណៈ ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដាខាងមុខនេះ។ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ចំណែកប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីវិនិច្ឆ័យទៅលើលក្ខណៈសម្បត្តិដូជា ភាពល្អឯកនៃតួប្រាសាទ អាយុកាលនៃប្រាសាទ រចនាបថតួប្រាសាទ គុណតម្លៃនៃភាពលេចភ្លោនៅក្នុងតំបន់ ជាដើម។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៥ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើពិធីរំឭក និងអបអរនៃការដាក់បញ្ជូលប្រាសាទទាំងពីរនេះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្នុងមួយឆ្នាំ ប្រាសាទព្រះវិហារ ទទួលបានទេសចរសរុបជាង១៥ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជាង២ម៉ឺននាក់។ ចំណែកអាជ្ញាធរជាតិ សម្បូរព្រៃគុក បានឱ្យដឹងដែរថា ក្រោយពីប្រាសាទសម្បូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺកំណើនភ្ញៀវទេសចរមានការកើនឡើងទ្វេដង ក្នុងនោះទេសចរអន្តរជាតិ កើនឡើងដល់៧៥ភាគរយ បើគិតចាប់ពីពាក់កណ្តាលឆ្នាំ២០១៧ ដល់ពាក់កណ្តាលឆ្នាំ២០១៨នេះ៕