ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ស្នើដល់គណបក្សនយោបាយប្រកាន់ខ្ជាប់ជំហរចាស់ទុំខាងនយោបាយក្នុងពេលឃោសនា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានស្នើដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រត្រូវប្រកាន់ខ្ជាប់ជំហរចាស់ទុំខាងនយោបាយក្នុងការឃោសនាបោះឆ្នោត។ សំណើនេះ ខណៈនៅសល់តែ២ថ្ងៃទៀត យុទ្ធនាការឃោសនាបោះឆ្នោត នឹងចូលមកដល់។ឯកឧត្តម ឯម សូផាត សមាជិកគ.ជ.ប មានប្រសាសន៍ថា គ្រប់គណបក្សនយោបាយ និងនិងអ្នកគាំទ្រ ត្រូវតែធានាឱ្យការដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ថ្លែងក្នុងកិច្ចប្រជុំស្តីពីការឃោសនាបោះឆ្នោត និងបណ្តឹងពាក់ព័ន្ធនឹងការឃោសនាជាមួយភាគីពាក់ព័ន្ធមានគណបក្សនយោបាយ តំណាងក្រុមបឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី៤ ខែកក្កដា សមាជិកគ.ជ.បរូបនេះ បានបញ្ជាក់ថា គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា នីតិវិធី គោលការណ៍ណែនាំ និងក្រមសីលធម៌ ដែលបានកំណត់ដោយគ.ជ.ប។ ឯកឧត្តម បានឱ្យដឹងថា គ.ជ.ប បានរៀបចំឱ្យគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សហការ ជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយទាំង ជួយសម្រួលដល់គណបក្សនយោបាយ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាថា គ្មានការរើសអើង ឬ អំពើហិង្សាកើតឡើង។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានគណបក្សនយោបាយចូលរួមទាំងអស់២០គណបក្ស។ ក្នុងអំពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំឬការហែក្បួនព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូ ជាដើមនេះ ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត។ឯកឧត្តម ឯម សូផាត បានបញ្ជាក់ថា គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត អាចហែ ក្បួនព្យុហយាត្រានៅក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន៤ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយការហែក្បួននេះ មិនត្រូវអនុញ្ញាតឱ្យធ្វើឆ្លងរាជធានី ខេត្ត នោះទេ។យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ ដោយមានរយៈពេល២១ថ្ងៃ ដើម្បីគណបក្សនយោបាយផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន សម្រាប់រកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ និចហ៊្វិក មានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ ត្រូវតែរួមគ្នាអនុវត្តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងវិធានការណែនាំរបស់គ.ជ.ប ឱ្យខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសនូវបញ្ហាដែលអាចកើតមានឡើងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។យោងតាមគ.ជ.ប បានឱ្យដឹងថា គណបក្សធំៗចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសុំធ្វើការហែក្បួនទ្រង់ទ្រាយធំ សម្រាប់ការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង ក្នុងនោះគណបក្សប្រជាជនកម្ពុជា នឹងធ្វើការជួបជុំគ្នានៅកោះពេជ្រដោយមានអ្នកចូលរួម ៦ម៉ឺននាក់ ជាមួយប្រើប្រាស់រថយន្តជាង១៧០០គ្រឿង និងម៉ូតូជាង១ម៉ឺន៤ពាន់គ្រឿង សម្រាប់ការហែក្បួនឃោសនា៕