ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងព័ត៍មាន ជំរុញលើកទឹកចិត្ដឲ្យជនពិកាខិតខំរៀនសូត្របង្កើតចំណេះដឹង និងជំនាញ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជួន បូណា៖ រដ្ឋមន្រ្ដីក្រសួងព័ត៍មាន បានជំរុញលើកទឹកចិត្ដជនពិកាទាំងអស់កុំទាន់អស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំរៀនសូត្របង្កើនចំណេះដឹងទូទៅ និងង្កើនជំនាញផ្សេងៗ ខណៈដែលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់លើកស្ទួយ និងផ្ដល់ឱកាសដល់ជនពិកា ដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ។ថ្លែងក្នុងកម្មវិធីសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា វគ្គផ្ដាច់ព្រាត់ កាលពីរាត្រីថ្ងៃទី ០៤ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្ដម ខៀវ កាញ្ញារិទ្ធរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ជនពិកាទាំងអស់ចាត់ទុកថា ជាពលរដ្ឋមួយយ៉ាងសកម្មដែលជាប្រជាជននៅក្នុងប្រទេសកម្ពុជា ហើយជាជនពិកាដែលមានតួនាទីកសាងប្រទេសជាតិយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ដូចប្រជាពលរដ្ឋដ៏ទៃទៀតផងដែរ។ឯកឧត្ដម បានបញ្ជាក់ថា បើទោះបីជាកន្លងមកបងប្អូនជនពិកាដែលត្រូវបានជនមួយក្ដាប់តូចមើលងាយ មិនដែលអោយម្លៃ ហើយមានការរើសអើង ដែលធ្វើអោយជនពិការកម្ពុជាមានការឈឺចាប់ និងមានបញ្ហាប្រឈមជាច្រើន ដែលជាកត្ដានាំអោយមានភាពក្រីក្រ និងជាទុកលំបាកដល់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ក្រីក្រ។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ដោយមើលឃើញកត្ដាទាំងនេះ ជនពិកាត្រូវបានប្រមុខរាជរដ្ឋាភិបាលលើកកម្ពស់អោយមានសិទ្ធសេរីភាពស្មើរគ្នា ដោយមិនអោយមានការរើសអើងពីសាធារណជនៈ ជាពិសេសបើកឱកាសការងារដល់ជនពិកា អាចបម្រើការក្នុងវិស័យឯកជន និងបម្រើរការងារនៅក្នុងជួររាជរដ្ឋាភិបាលដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការឈានទៅការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។ ជាមួយគ្នានេះ លោក ង៉ែត រ៉ាវី តំណាងជនពិការស់ក្នុងរាជធានីភ្នំពេញ បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណអរគុណដល់សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់លើពួកគាត់ តាមរយៈការបង្កើតកម្មវិធីជាច្រើន ដើម្បីបង្កើតជំនាញ និងចំណេះដឹង ក្នុងន័យលើកទឹកចិត្ដដល់ជនពិកាអោយមានការតស៊ូក្នុងជីវិតរបស់ពួកគាត់។ដោយលោកបានបញ្ជាក់ថា ដោយកន្លងមកមានមជ្ឈដ្ឋានមួយចំនួននៅតែមានការរើសអើងពួកគាត់ ខណៈដែលរាជរដ្ឋាភិបាលបានលុបបំបាត់ការរើសអើងលើជនពិកាក៏ដោយ ។ លោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋឈប់រើសអើងលើបងប្អូនជនពិកាបន្ដទៀត ពីព្រោះបងប្អូនជនពិកាក៏មានចំណេះដឹងជំនាញរបស់ពួកគាត់មិនចាញ់អ្នកមានកាយសប្បទាគ្រប់គ្រាន់នោះដែរ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្រ្ដជាតិស្ដីពីពិការភាពឆ្នាំ២០១៤-២០១៨ ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហាពិការភាពតាមរយៈវិធានការការពារ ទប់ស្កាត់ លើកកម្ពស់ និងអភិវឌ្ឍន៍បរិស្ថានរូបវន្ដ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ។ ផែនការយុទ្ធសាស្ត្រនេះ ក៏បានសង្កត់ធ្ងនទៅលើការកសាងសមត្ថភាពស្ថាប័ន ចំណេះដឹង ជំនាញវិជ្ជាជីវៈ ការផ្ដួចផ្ដើមការបង្កើតមុខរបរ ការកាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ទម្រង់នៃការរើសអើង ការរំលោភបំពានចំពោះជនពិកា និងការទទួលការខុសត្រូវរបស់ស្ថាប័ន ដែលទទួលខុសត្រូវអនុវត្ដទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ គួររំលឹកថា វិស័យឯកជនចំនួន៦៣ ដែលបានទទួល ជនពិការចំនួន២,៩៦២នាក់ ឲ្យចូលបម្រើការងារ សរុបជារួម ជនពិការដែល កំពុងបម្រើ ការងារទាំងក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន មានចំនួនសរុបទាំងអស់ ៥,៦៩៩នាក់៕