ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែតចាប់ផ្តើមដំណើរការឡើងវិញ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ ផ្លូវដែកទិសពាយ័ព្យ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ក្រោយពីផ្អាកដំណើរការជាង៤៥ឆ្នាំ ដោយកត្តាសង្គ្រាមស៊ីវិលកាត់ផ្តាច់។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ខែកក្កដានេះ បានធ្វើជាអធិបតីក្នុងការបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យភ្នំពេញ-ពោធិ៍សាត់ប្រវែង១៦៦គីឡូម៉ែត្រ ជាបណ្ដោះអាសន្ន បន្ទាប់ពីបានដាក់ឱ្យដំណើរនូវផ្លូវដែកនេះជាកំណាត់ៗតាមដំណាក់កាលចាប់ពីប៉ោយប៉ែត រហូតដល់ខេត្តពោធិ៍សាត់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលដឹកនាំមន្ត្រីរាជការ សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋជិះសាកល្បងរថភ្លើងនេះ តាំងពីស្ថានីយ៍ពោធិសាត់ បានមកដល់ស្ថានីយរថភ្លើងភ្នំពេញនៅវេលាម៉ោង៦ល្ងាច។កំណាត់ផ្លូវដែកពោធិ៍សាត់-ភ្នំពេញ គឺធ្វើឡើង ដើម្បីតភ្ជាប់ទាំងស្រុងនៃផ្លូវដែកភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវដែកពោធិ៍សាត់-ភ្នំពេញ មានប្រវែង១៦៦គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ ត្រូវបានស្តារឡើងវិញដោយចំណាយថវិកាជាតិអស់ប្រមាណ២៣,៤លានដុល្លារអាមេរិក។ កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះ ប្រើដែករ៉ៃចាស់(បារាំង) កំណល់ដែក ដែលអាចបើកបរបានក្នុងល្បឿនគីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចទ្រទំងន់បាន១៥តោន ក្នុង១ភ្លៅកង់ ហើយមានស្ថានីយចំណតចំនួន២០ រួមមាន៖ ស្ថានីយពោធិ៍សាត់ ស្ថានីយទទឹងថ្ងៃ ស្ថានីយកំរ៉ែង ស្ថានីយបំណក់ ស្ថានីយក្តុល ស្ថានីយក្រាំងស្គារ ស្ថានីយរមាស ស្ថានីយបារាំង ស្ថានីយក្រាំងល្វា ស្ថានីយមានក ស្ថានីយត្បែងខ្ពស់ ស្ថានីយដំណាក់ស្មាច់ ស្ថានីយត្រាចទង ស្ថានីយបាត់ដឹង ស្ថានីយទួលលៀប ស្ថានីយត្រពាំងត្នោត ស្ថានីយសំរោង ស្ថានីយផ្លូវបំបែក ស្ថានីយពោធិ៍ចិនតុង និងស្ថានីយភ្នំពេញ។ផ្លូវរថភ្លើងភ្ជាប់ពីភ្នំពេញ ទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។ ក្រោមនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ ហើយការតភ្ជាប់ពីពោធិ៍សាត់មកភ្នំពេញ ជាដំណាក់កាលចុងក្រោយក្នុងការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថា ផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកប្រទេសថៃ នាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចុះណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន៕