ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន តាមរយៈការពង្រីកវិសាលភាព និង​​សមត្ថភាព​វិភាគ​ទៅលើគុណភាពខ្យល់ ទឹក និងដី ដែលនឹងជួយធ្វើឱ្យបរិស្ថានក្នុងប្រទេសកម្ពុជា ពិសេស​​​រាជ​ធានី​​​​ភ្នំពេញ​កាន់តែមានភាពប្រសើរ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម ឯកសារស្តីពីកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថានចំនួន៣ គឺការ​បង្កើត​​មជ្ឈ​​មណ្ឌល​​​​សហប្រតិបត្តិ​ការបរិស្ថានកម្ពុជា-ចិន កិច្ច​សហប្រតិបត្តិ​ការ​​អភិរក្សជីវៈចម្រុះកម្ពុជា-ចិន និង​​គម្រោង​​ឧបត្ថម្ភម៉ាស៊ីនសម្អាតទឹក​កខ្វក់ ត្រូវបានចុះហត្ថលេខា​​លើ​​អនុស្សារណៈ​យោគយល់​គ្នា ដោយ​​មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានចិន នៅថ្ងៃទី៤ ខែកក្កដានេះ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចូលរួមជាសក្ខីភាពក្នុងពិធី​​ចុះ​ហត្ថលេខា មានប្រសាសន៍ថា ឯកសារដែលចុះកិច្ចព្រមព្រៀងរួមគ្នានេះ នឹងកំណត់ទិសដៅ​ច្បាស់​លាស់​សម្រាប់កិច្ចគាំពារបរិស្ថាននៅកម្ពុជា តាមរយៈការជួយ​បណ្តុះ​បណ្តាល​​​ដល់​​មន្ត្រី​កម្ពុជា ដើម្បី​​ឱ្យ​មានសមត្ថភាពក្នុងអនុវត្តការងារបរិស្ថានប្រកបដោយប្រសិទ្ធភាព និង​​ប្រសិទ្ធផល ព្រម​​ទាំង​​​ផ្តល់​​នូវ​​​ព័ត៌មាន​ជាក់​លាក់មួយដែលធ្វើឱ្យវិស័យបរិស្ថាន​​ឱ្យកាន់តែ​​ប្រសើរ​ឡើង។ ឯកឧត្តម ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន​​ប្រទេស​ចិន បានឱ្យដឹងថា កិច្ចសហការនេះផ្តោតលើការបំពុលដីខ្យល់អាកាស ការបំពុលទឹក និង​ការ​បំពុល ដោយ​​ក្នុងនោះភាគីចិនអាចចែករំលែកបទពិសោធន៍ និងផ្តល់ព័ត៌មានដែលអាចឆ្លើយតប​ទៅនិង​តម្រូវ​ការ​​​សម្រាប់ដោះស្រាយបញ្ហាក្នុងវិស័យបរិស្ថានរបស់ប្រទេសកម្ពុជាបាន។ ឯកឧត្តមបន្តថា នេះជា​​កិច្ច​​​​​​សហការដ៏ល្អមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចិន ក្នុងការរួមគ្នាដោះស្រាយបញ្ហា​បរិស្ថាន ប្រព័ន្ធ​​​អេកូឡូស៊ី និង​ជីវៈចម្រុះ ដែលបាននឹងកំពុងរងការបំពុលដោយការអភិវឌ្ឍ និងការ​​ប្រែប្រួល​​​អាកាស​​​ធាតុ​​។ សូមបញ្ជាក់ថា នៅក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ក៏បានដាក់​​ឱ្យ​​ប្រើ​ប្រាស់​​​នូវ«ការិយាល័យ​​​រៀប​ចំ​​បង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិ​ការបរិស្ថានកម្ពុជា-ចិន» ដែលជា​​ផ្នែក​មួយនៃការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និង​​គ្រប់​គ្រង​​វិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាពផងដែរ។ មជ្ឈមណ្ឌលសហប្រតិបត្តិ​ការបរិស្ថានកម្ពុជា-ចិននេះ កើតឡើងក្រោយពីរដ្ឋាភិបាលចិនជួយ​​សាង​សង់ស្ថានីយតាមដានគុណភាពទឹកទន្លេចតុមុខ កោះពេជ្រ ដែលអាចធ្វើការវិភាគ​ទឹកដោយ​ស្វ័យ​​ប្រវត្តិបាន៨ប៉ារ៉ាម៉ែត្ររួមមាន៖ សីតុហភាព ភាពចម្លងចរន្តអគ្គិសនី កម្រិតpH កម្រិត​​អុកស៊ី​សែន​​រលាយ​ក្នុងទឹក DO ភាពកករបស់ទឹក អាម៉ូញ៉ាក់(NH4) និងCOD ដែលឧបករណ៍​​​ទាំង​នោះ ដំណើរការ​​​ដោយ​​​ស្វ័យប្រវត្តិលើ២៤ម៉ោង ក្នុងមួយថ្ងៃ។ ស្ថានីយនេះ អាចវិភាគ និងព្យាករណ៍ដឹងជាមុនពី​​គុណភាព​​ទឹក ដែល​នឹងរង​​គ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន ដែលបណ្តាល​​មក​​ពីការ​​បំពុល៕