ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាត់ទុក ការមកជួយរបស់កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ជាសំណាងរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានអនុញ្ញាតឱ្យកីឡាការិនី​ស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី ចូលជួបសម្ដែងការគួរសម្យ និងសំណេះសំណាល កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយ បានមានប្រសាសន៍ថា ការមិនព្រមប្រកួតតំណាងឱ្យប្រទេសដទៃ ក្រៅពីជាតិខ្មែរ និងការមក ជួយដល់ស្នូកឃ័រកម្ពុជា គឺជាសំណាងរបស់កម្ពុជា។

ឯកឧត្តមបានកោតសរសើរចំពោះកីឡាការិនី ស្រួង ភាវី ដែលបានលះបង់ពេល វេលាខិត ខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាតំណាងឱ្យកម្ពុជា និង មិនព្រមចូលសញ្ជាតិគេ ទោះបីមានស្វាមីជាជនជាតិកូរ៉េក៏ដោយ។ ឯកឧត្តមចាត់ទុកថា ការមកជួយជ្រោមជ្រែងវិស័យស្នូកឃ័រកម្ពុជា របស់អ្នកស្រី ស្រួង ភាវី គឺជាសំណាងកម្ពុជា ដែលមានកីឡាការិនីមានសមត្ថភាព និងទេពកោសល្យ ហើយសំខាន់ជាងគេ គឺអ្នកស្រីមាន ឆន្ទៈខ្ពស់ចំពោះជាតិមាតុភូមិរបស់ខ្លួន។

ឯកឧត្តមបានបន្ថែមថា ក្រោយពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាត្រូវបានបង្កើតឱ្យ មានជីវិតរស់ឡើងវិញ នាពេលនេះ គឺកម្ពុជាមានអ្នកពូកែ និងមានទេពកោសល្យខ្ពស់ជាជន ជាតិខ្មែរស្រាប់ ដូចកីឡាការិនី ស្រួង ភាវី ដោយនេះគឺជាសំណាងរបស់យើង ដើម្បីចាប់យក ឱកាសល្អ ក្នុងការរៀបចំសហព័ន្ធឡើងវិញ ហើយក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជានឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យអ្នកស្រីបានមកជួយបង្ហាត់បង្រៀនដល់កីឡាករ-កីឡា ការិនីស្នូកឃ័រ ដើម្បីត្រៀម​ខ្លួនឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ នាឆ្នាំ២០២៣ខាងមុខ ដែលព្រះ រាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ។

ឯកឧត្តម ថោង ខុន បានកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានខិតខំយ៉ាងខ្លាំង ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកស្រី ស្រួង ភាវី បានមកកម្ពុជា ដើម្បី រួមចំណែកបង្កើតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឡើងវិញ។

ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នេះដែរ ឯកឧត្តមបានប្តេជ្ញាចិត្តបន្ដបេសកកម្ម ស្វែងរកអត្តពលិកឆ្នើមៗក្រៅប្រទេស ដែលមានឈាមជ័រជាខ្មែរឱ្យមកជួយវិស័យកីឡាកម្ពុជា ដូច ជាអត្តពលិកដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងអូស្រ្ដាលីជាដើម ដែលកំពុងលេង លើប្រភេទកីឡាកាយសម្ព័ន្ធ កីឡាហែលទឹក និងកីឡាអត្តពលកម្មជាដើម៕
ដោយ ហេង ណាលីន(AKP)