ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ណយ ផាណា៖ ការបញ្ជូនកីឡាករកាយសម្ព័ន្ធទៅហាត់នៅចិន បង្កើនប្រសិទ្ធផលថ្មី ត្រៀម ASIAN GAMES ២០១៨ និង SEA GAMES ២០១៩

ភ្នំពេញ៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជាបានចាត់ទុកថា ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសចិន គឺដើម្បីបង្កើនប្រសិទ្ធ ផលថ្មីមួយ គឺដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កាយសម្ព័ន្ធទ្វីបអាស៊ី ASIAN GAMES នាខែសីហា ឆ្នាំ២០១៨ និងជាគោលដៅសម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ាន SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ ២០១៩ ខាងមុខផងដែរ។

អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធ លោក ណយ ផាណា បានឱ្យទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ដឹងយ៉ាងដូច្នេះថា ​”ការចេញទៅហ្វឹកហាត់លើកនេះ គឺជាលើកទី២ ដែលសហព័ន្ធ យើងបានបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន ដោយកាលពីលើកទី១ យើងបានបញ្ជូន កីឡាករ សំ រីម ទៅហាត់។ លើកទី២នេះ យើងមានគម្រោងបញ្ជូនទៅពីរនាក់ ប៉ុន្តែដោយសារ ការហ្វឹកហាត់ ក្នុងស្រុករបស់កីឡាករម្នាក់ទៀត មានបញ្ហា ជង្គង់នោះ គឺយើងបញ្ជូន ត្រឹមតែម្នាក់វិញ គឺកីឡាករ ឈឿន សុខដែន ដែលត្រូវទៅហាត់នៅទីក្រុងណាននីង ខេត្ដក្វាង ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល១ខែ និង១០ថ្ងៃ។

នេះជាគោលដៅមួយ ដែលយើងត្រៀមទៅចូលរួមប្រកួតកីឡាអាស៊ី នាខែសីហា នៅប្រទេសឥណ្ឌូណេស៊ីផង និង ត្រៀមស៊ីហ្គេម នៅហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខផង។”

លោកបានបន្ដថា បើយើងនិយាយពីការ ប្រកួតប្រជែងនៅក្នុងកម្រិត ASIAN GAMES នោះ គឺយើងមិនទាន់អាចប្រជែងបាននៅឡើយទេ ប៉ុន្តែ វាជាបទពិសោធន៍ដ៏ល្អមួយ ក្នុងការបង្កើន ប្រសិទ្ធផលថ្មីមួយ សម្រាប់ ASIAN GAMES ឆ្នាំ២០១៨នេះ និងជាគោលដៅ SEA GAMES នៅហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខផងដែរ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍កីឡាអាស៊ី នៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨នេះ គេកំណត់កីឡា ករចាប់ពីអាយុ១៨ឆ្នាំឡើង ដូច្នេះកីឡាករ ឈឿន សុខដែន ដែលត្រៀមចូលរួមប្រកួតនេះមាន អាយុ១៨ឆ្នាំ ហើយបច្ចេកទេសរបស់គាត់នៅក្នុងស្រុក គឺល្អប្រសើរ ដែលជាម្ចាស់មេដាយ កាលពីកីឡាជាតិលើកទី១ ឆ្នាំ២០១៦ កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ហើយក៏ជាម្ចាស់ជ័យ លាភីជើងឯកថ្នាក់ជាតិផងដែរ។ ក្រៅពីនេះ សហព័ន្ធក៏មានកីឡាករខ្លាំងៗមួយចំនួនទៀត ប៉ុន្តែដោយសារពួកគាត់ជាប់ប្រឡងបាក់ឌុបឆ្នាំនេះ។ លោកបានបន្ដទៀតថា ការហ្វឹកហាត់ លើកនេះ គឺផ្តោតសំខាន់លើបច្ចេកទេសកម្រាល សេះលោត និងកង ដោយ៣វិញ្ញាសានេះ យើងផ្តោតទៅ លើការហ្វឹកហាត់កម្រិតមូលដ្ឋានឱ្យបានច្រើន ដើម្បីឆ្ពោះទៅស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខ។

ជាមួយគ្នានេះ រាល់ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេស គឺតែងតែទទួលបានការជួយ ឧបត្ថម្ភគាំទ្រ ជានិច្ចពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គឺប្រាក់ ឧបត្ថម្ភប្រចាំខែ, សហព័ន្ធផ្ទាល់ ហើយការហ្វឹកហាត់នៅប្រទេសចិនលើកនេះ គឺភាគីចិន បានជួយជ្រោមជ្រែងយ៉ាងខ្លាំង។

កីឡាករ ឈឿន សុខដែន បានបង្ហាញពីការខិតខំរបស់ខ្លួន ដើម្បីហ្វឹកហាត់ឱ្យបានល្អ ក្នុង គោលដៅត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិនានា នាពេល ខាងមុខទៀត ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរមួយមកជូនជាតិ។ កីឡាកររូបនេះ ដែលមានប្រភពមកពីខេត្តក្រចេះបានចូលប្រឡូក ក្នុងវិស័យកីឡាកាយសម្ព័ន្ធរយៈពេល៣ឆ្នាំ មកហើយ ដែលការចេញទៅហ្វឹកហាត់នៅប្រទេសលើកនេះ គឺជាលើកទី១ របស់ខ្លួន៕
ដោយ ហេង ណាលីន(AKP)